បើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ជិត ១០គីឡូម៉ែត្រ ជាអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
បន្ទាយមានជ័យ ៖ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន៣ខ្សែ ប្រវែងសរុប ៩៩៦៨ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិអូរអំពិល ភូមិទួលប្រាសាទ ភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ពិធីបើកការដ្ឋានក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឧត្តមសេនីយ៍ទោ សុខ ចាន់ឡា តំណាងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប រួមនឹងមានការចូលរួមពីសំណាក់មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំង គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ ។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា ក្រោមម្លប់សន្តិភាព ប្រទេសកម្ពុជាយើង មានភាពរីកចម្រើនជាបណ្តើរៗ លើគ្រប់វិស័យ ដែលបាននាំមកនូវកិត្តិយសនិងសិទ្ធិស្មើភាព ជាមួយប្រទេសនានានៅក្នុងតំបន់ និងនៅលើពិភពលោកដែលជាកិត្តិយសសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល ។ មានសន្តិភាពទើប អាចអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ដូចយើងបានឃើញហើយនៅ ក្នុងពិភពលោកនេះប្រទេសដែលមានភាពរីកចម្រើនជឿនលឿន គឺជាប្រទេសគ្មានសង្គ្រាម មានសន្តិភាពយូរអង្វែង។
ឯកឧត្ដមបន្តថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលបានកំណត់ អាទិភាពគន្លឹះ៥។ ដោយឡែកពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍជនបទត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានបញ្ជាក់ច្បាស់អំពីការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាពិសេសការ កសាងផ្លូវជនបទតភ្ជាប់ទៅកសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយទៅជាជនបទសមាហរណកម្ម ការកែលម្អលក្ខខណ្ឌជីវភាពរបស់សហគមន៍ ជនបទការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍសហគមន៍ជនបទ។
ឯកឧត្ដមបញ្ជាក់ថា ផ្លូវចំនួន០៣ខ្សែនេះ នឹងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈដូចជាទៅផ្សារ សាលារៀន មន្ទីរពេទ្យ…។
ផ្លូវក្រាលកៅស៊ូដែលត្រូវបេីកការដ្ឋាន មានកម្រាស់ពីរជាន់ DBST ចំនួន ៣ខ្សែ ប្រវែងសរុប ៩៩៦៨ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងសាងសង់លូគ្រប់ប្រភេទចំនួន១២ កន្លែង ផ្លាកសញ្ញាចរាចរណ៍ចំនួន៦២ផ្លាក គំនូសចរាចរណ៍ចំនួន៣៤៩០ម៉ែត្រការ៉េ និងផ្លាកឈ្មោះផ្លូវចំនួន ៦កន្លែង ៕







