ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំក្រុមការងារបន្ទាន់ កាយស្តារប្រឡាយ បីខ្សែរបញ្ចៀសការស្ទះទឹកជន់ លិចក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះពិនិត្យមើលប្រឡាយទឹក នាំយកអេស្ការវ៉ាទ័រ កាយបេីកមុខទឹកតាមប្រឡាយ លូ រំដោះទឹកចេញមកក្រៅក្រុង បញ្ចៀសការស្ទះទឹក ដោយសារទឹកភ្លៀងកាលពីថ្ងៃទី១០-១១ ខែឧសភា ធ្លាក់ខ្លាំងបានធ្វើឱ្យក្រុងប៉ោយប៉ែត ស្ទះប្រព័ន្ធលូទឹក បណ្ដាលឱ្យមានការជន់លិចលេីផ្លូវធ្វេីដំណេីរ និងផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ ។
ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំក្រុមការងារក្រុង និងមូនដ្ឋានសង្កាត់ ប្រជុំរកដំណោះស្រាយ ដោយបានជំរុញទៅដល់គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត សំដៅធ្វើយ៉ាងណារកវិធីសាស្ត្រក្នុងការបញ្ចៀសទឹក កុំឱ្យមានការជន់លិចនៅពេលមានភ្លៀង នារដូវវស្សា និងត្រូវធ្វេីការស្តារប្រឡាយ ប្រព័ន្ធលូ ដេីម្បីបេីកមុខទឹក ឱ្យបានធំ សម្រួលដល់ចរន្តទឹក ហូរបានលឿន នាពេលមានភ្លៀងធ្លាក់ បញ្ចៀសការជន់លិចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
ជាដំណោះស្រាយ ក្នុងការបញ្ចៀសបញ្ហាជន់លិច ដោយសារទឹកភ្លៀងក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត អាជ្ញាធរខេត្ត ក្រុង និងសង្កាត់ពាក់ព័ន្ធ បានរៀបចំប្រព័ន្ធលូរំដោះទឹកបន្ទាន់ ចំនួន៣ខ្សែ ។ ខ្សែរទី១ ចាប់ពីចំណុចផ្លូវអង់តែន០១៦ សាលាព្រហ្មនិមិត្ត ឆ្ពោះទៅផ្លូវជាតិលេខ៥, ខ្សែរទី២ ផ្លូវផ្សារត្រី ឆ្ពោះទៅផ្លូវជាតិលេខ៥ ទល់មុខសុធារ៉ាប្តូប្រាក់, ខ្សែរទី៣ ផ្លូវវត្តថ្មី ឆ្ពោះទៅផ្លូវជាតិលេខ៥។
ជាមួយគ្នានោះលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអំពាវនាវដល់បងប្អូនដែលលំនៅដ្ឋាន តាមផ្លូវទាំង៣ខ្សែរ ចូលរួមសហការ ជាមួយអាជ្ញាធរក្រុង និងសង្កាត់ ដើម្បីសម្រួលដល់ក្រុមការងារក្នុងកាយរៀបចំប្រព័ន្ធលូ រំដោះទឹកបានលឿន បញ្ចៀសការជន់លិចដោយសារទឹកជំនន់ទឹកភ្លៀងនារដូវភ្លៀង ៕












