បន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ១៧នាក់ ក្នុងឱកាសបុណ្យវិសាខបូជា
បន្ទាយមានជ័យ ៖ អ្នកទោសក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ចំនួន១៧នាក់ ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យវិសាខបូជា ឆ្នាំ២០២៥ ។
ការបន្ធូរបន្ថយទោស និងលើកលែងទោសនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក សោ វុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត ។
លោកកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានអោយដឹងថា យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ឲ្យធ្វើការ បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន ១៧នាក់ ស្រី០នាក់ ក្នុងនោះ បន្ធូរបន្ថយទោស ៣ខែ ចំនួន១៥នាក់ និងបន្ធូរបន្ថយទោស ៦ខែ ចំនួន ២នាក់ ។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ បានបញ្ជាក់ថា ក្នុងពន្ធគារខេត្តបន្ទាយមានជ័យ ជនជាប់ឃុំ ជាក់ស្តែងមានចំនួនសរុប ២.៩៧១នាក់ ស្ត្រី១៩៥នាក់ ក្នុងនោះ អនិតិថិជន ចំនួន៥៤៤នាក់ ស្រី៥នាក់, ជនបរទេស ចំនួន៣១៨នាក់ ស្រី៤៥នាក់, ជនពិការ ចំនួន២១នាក់ ស្រី០នាក់ និងចាស់ជរាចាប់ពីអាយុ ៦០ឆ្នាំឡើងចំនួន៤៣នាក់ ស្រី៧នាក់។
លោក សោ វុទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បានមានប្រសាសន៍ ផ្តាំផ្ញើរដល់ទណ្ឌិត ដែលទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោស ជួយផ្សព្វផ្សាយ ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅ ឲ្យចូលរួមគោរពអនុវត្ត បទបញ្ជាផ្ទៃក្នុង វិធានការនានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយទៅជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅ ក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់ ៕









