អាវុធហត្ថ ឃាត់ខ្លួនស្ត្រីម្នាក់ ពីបទ ឆបោកប្រាក់

បាត់ដំបង ៖ កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ដែលជាមេបញ្ជាការ បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ជាប់ពាក់ព័ន្ធក្នុងករណី ឆបោកប្រាក់ ។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចបុរីរំចេក ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ សុង សោភ័ណ្ឌ ភេទស្រី អាយុ ៤៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅចំណុចភូមិសង្កាត់ខាងលើ ។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងបន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ឈឿន ឈុំ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបរវេល ខេត្តបាត់ដំបង ក្រោយជនសង្ស័យបានយកប្រាក់ពីជនរងគ្រោះចំនួន ២៦២០ ដុល្លារ ប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខាងលើ ដើម្បីរត់ការយកឈ្មោះកូនរបស់ជនរងគ្រោះចូលក្របខ័ណ្ឌមន្រ្តីនគរបាលជាតិក្នុងឆ្នាំ២០២៥ បានដោយមិនចាំបាច់ប្រលងចូលទាំងដែលក្រសួងមហាផ្ទៃមិនមានជ្រើសរើសមន្ត្រីនគរបាលជាតិថ្មីក្នុងឆ្នាំ ២០២៥ឡើយ ។

វត្ថុតាងដកហូតរួមមាន ៖ បញ្ជីរាយនាមបេក្ខជនប្រឡងជាប់ក្របខណ្ឌមន្រ្តីនគបាល ឆ្នាំ២០២៥ ចំនួន០២សន្លឹក, លិខិស្នើសុំចូលក្របខណ្ឌមន្រ្តីនគបាលជាតិ ០១សន្លឹក, លិខិតធានាឪពុកម្តាយ ឬ អាណាព្យាបាល០៣សន្លឹក, ពាក្យស្នើសុំ០៨សន្លឹក , ពាក្យសុំចូលបម្រើការងារក្នុងក្រសួងមហាផ្ទៃ០១សន្លឹក , លិខិតធានា០១សន្លឹក , លិខិបញ្ជាក់០១សន្លឹក , លិខិបញ្ជាក់កិរិយាមាយាទ០១សន្លឹក , វិញ្ញាប័ណ្ណបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ០១សន្លឹក , អត្តសញ្ញាណប័ណ្ណកូពី ០១សន្លឹក , សៀវភៅគ្រួសារកូពី ០១សន្លឹក , ទូរស័ព្ទដៃ០១គ្រឿង , ចិញ្ជៀនលោហៈធាតុពណ៌លឿង ដាំត្បូង ពណ៌ស០២វង់ , ផ្លាកដៃលោហៈធាតុពណ៌លឿង០១ខ្សែ , ខ្សែដៃលោហៈធាតុពណ៌លឿង ដាំត្បូងពណ៌ស០១ខ្សែ , ខ្សែកលោហៈធាតុពណ៌លឿង ដាំត្បូងពណ៌ស០១ខ្សែ , ក្រវិលដាំត្បូងពណ៌ស០១គូរ , ប្រាក់ដុល្លារ ២៥០០ ដុល្លារ , រថយន្ត ម៉ាក LEXUS NX200T ពណ៌ប្រផេះ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 2BS-9510 ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This