ដាំដើមត្នោត ថែកេរ្តិ៍ដូនតាខ្មែរ ចំនួន ១០ម៉ឺនដើម នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ព្រះវិហារ ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ មានរៀបចំពិធីដាំដើមត្នោតចំនួន ១០ ម៉ឺនដើម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោកជំទាវ ស ចេង ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការ នៃរដ្ឋបាលស្រុកជាំក្សាន្ត មន្ត្រីឧទ្យានុរក្សបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ លោកមេឃុំ លោកមេភូមិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ៤៥០ អង្គ/នាក់ ប្រព្រឹត្តនៅឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ថ្លែងក្នុងពិធីនេះផងដែរ ឯកឧត្ដម ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ដោយសារតែប្រទេសកម្ពុជារបស់យើង មានសុខសន្តិភាព និងឯកភាពជាតិពេញលេញ ដែលជាស្នាដៃឆ្នើមរបស់អគ្គមគ្គុទេសក៍ឯក នៃគោលនយោបាយឈ្នះ-ឈ្នះ គឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តមរតកដឹកនាំ ការពារសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងថាមពលខ្លាំងក្លា ទើបបងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពរបស់យើង មានឱកាសបានមករស់នៅបង្កបង្កើនផល ចិញ្ចឹមជីវិតនៅតាមបណ្ដោយព្រំដែនប្រកបដោយសុខដុមរមនា ជាពិសេស នៅឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ របស់យើង។
ពិតណាស់ថា តាំងពីសម្ដេចតេជោ រហូតដល់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ ទាំងលើគោលនយោបាយ ចរចាជាមួយប្រទេសជិតខាងដើម្បីឱ្យតំបន់ព្រំដែន ក្លាយជាព្រំដែនសន្តិភាព ក៏ដូចជាគោលនយោបាយលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែន តាមរយៈការផ្ដល់ដីលំនៅដ្ឋាន ផ្ទះសម្បែង និងដីកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការជំរុញលើកទឹកចិត្តការវិនិយោគលើវិស័យកសិកម្ម មានដំណាំកៅស៊ូ ស្វាយចន្ទី ស្រូវ ពោត សណ្ដែក ត្នោត ស្វាយ…ជាដើម ព្រមទាំងការស្វែងរកទីផ្សារកសិផល ការផ្ដល់ទុនក្នងអត្រាការប្រាក់ទាប និងការដាក់ចេញនូវគោលនយោបាយបញ្ចកោណ-ដំណាក់កាលទី១ ប្រកបដោយភាពវៃឆ្លាត ត្រឹមត្រូវច្បាស់លាស់ និងប្រាកដនិយម របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាក់ស្ដែង ថ្ងៃនេះ ដើម្បីជាការរួមចំណែក្នុងការអភិវឌ្ឍជាតិស្របតាមចក្ខុវិស័យប្រាកដនិយម ច្បាស់លាស់ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងលោកស្រី សំរិទ្ធ ដាលីន បានផ្ដួចផ្ដើមគំនិត ដាំដើមត្នោតចំនួន ១០ ម៉ឺនដើម ស្ថិតក្នុងភូមិសាស្ត្រឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីថែរក្សាអត្តសញ្ញាណជាតិដែលជាកេរមរតកធម្មជាតិដូនតាខ្មែរផង ជាប្រយោជន៍សាធារណៈ និងសេដ្ឋកិច្ចផង ព្រមទាំងមានការដាំដើមត្នោតនៅតាមដងផ្លូវ សាលារៀន សាលាឃុំ មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងវរៈការពារព្រំដែន សរុបចំនួន ៥ ពាន់ដើម ផងដែរ។
ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា ក្រៅពីតម្លៃនៃអត្តសញ្ញាណជាតិ និងជាកេរមរតកវប្បធម៌ខ្មែរ ដើមត្នោត ពិតជាមានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច មិនចាញ់ដំណាំកសិ-ឧស្សាហកម្ម មួយចំនួនឡើយ បើយើងរាប់ចាប់ពីគល់ រហូតដល់ ស្លឹកត្នោត មាន ដូចជា៖ ផ្លែខ្ចី អាចយកមកសម្លរ ទុំធ្វើនំ ផ្កាគៀបយកទឹក ធ្វើជាភេសជ្ជៈទឹកត្នោតផ្អែម ទឹកត្នោតជូរ ស្រាត្នោត និងធ្វើជាទឹកខ្មេះក៏បាន ជាពិសេស ផលិតជាស្ករត្នោត មានគុណភាពខ្ពស់ គ្មានជាតិគីមី ទទួលស្គាល់ជាអន្តរជាតិ និងបាននាំចេញទៅលក់លើទីផ្សារអន្តរជាតិផងដែរ។ ស្លឹកធ្វើមួក កន្ត្រក និងអាចប្រក់ជាដំបូលផ្ទះ ដើមធ្វើទូក សង្ហារឹម តុ ទូ កៅអី គ្រែ រនាប និងជញ្ជាំងផ្ទះបានទៀតផងដែរ។
ឯកឧត្ដម ប្រាក់ សុវណ្ណ បានផ្ដាំផ្ញើឱ្យអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ បន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ បង្ការគ្រោះថ្នាក់ចរាចរណ៍ និងរឹតបន្តឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ហើយឯកឧត្ដម ក៏បានសំណូមពរ និងអំពាវនាវ ដល់អ្នកចូលរួម ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមបន្តចូលរួមដាំដើមត្នោត និងដើមឈើគ្រប់ប្រភេទ តាមដែលអាចធ្វើទៅបាន ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះផ្គររន្ទះ មូសខាំ ក្នុងរដូវវស្សា និងនាំគ្នាចូលរួមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ដែលបានផ្ទុះឡើងវិញ នាពេលថ្មីៗនេះ។
ដោយឡែក ក្មួយៗសិស្សានុសិស្ស ត្រូវបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង បារីអេឡិចត្រូនិច ក្មេងទំនើង បើកបរត្រូវប្រុងប្រយ័ត្នបើកបរតាមល្បឿនកំណត់ ដោយពាក់មួកសុវត្ថិភាព ដើម្បីឱ្យក្លាយជាទំពាំងស្នងឫស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិនាថ្ងៃអនាគត។
ព្រះសង្ឃ ឯកឧត្ដម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកម្មវិធីនេះ បានចូលរួមដាំដើមត្នោតជានិមិត្តរូបគ្រប់ៗគ្នា ប្រកបដោយស្នាមទឹកមុខញញឹមពោរពេញដោយសេចក្ដីសប្បាយរីករាយ ៕









ដោយ ៖ រ៉ាស៊ី