ត្រីប្រាក្លាសេរាប់តោន នៅតែបន្តនាំចូលពីប្រទេសថៃ ទៅលក់ចែកចាយនៅតាមខេត្ត ជុំវិញបឹងទន្លេសាប

បន្ទាយមានជ័យ ៖ ច្រកតំបន់ម៉ាឡៃ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ កំពុងត្រូវបានឈ្មួញនាំចូលត្រីប្រាក្លាសេររាប់សិបតោន ដឹកតាមរថយន្តសាំយ៉ុង យកទៅចែកចាយលក់បន្ត នៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប នៃព្រះរាជាណាចក្រកម្ពុជា។

តាមប្រភពព័ត៌មានដែលភ្នាក់ងារយើងទទួលបាន ពីឈ្មួយនាំចូលត្រីស្របច្បាប់ ពីក្រៅប្រទេសបានឲ្យដឹងថា ស្ទើរតែរាល់ថ្ងៃ ត្រីប្រាក្លាសេរបស់ថៃ ត្រូវបានឈ្មួញនាំចូលតាមច្រកទ្វារតំបន់ម៉ាឡៃ តាមរថយន្តថៃចូលដល់ទីតាំងផ្ទេរ ស្ថិតនៅទីតាំងសៃឡូមួយកន្លែង ដើម្បីសាងបន្តតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿង ដឹកយកទៅចែកចាយលក់បន្តនៅតាមខេត្ត ជាច្រើនដូចជា នៅទីរួមបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ខេត្តទាំងនេះជាខេត្តជាប់នឹងបឹងទន្លេសាប ដែលជាបឹងមួយដល់ធំរបស់កម្ពុជា និងជាប្រភពត្រីទឹកសាប។

ការនាំចូលត្រីពីសំណាក់ឈ្មួញ តាមច្រកទ្វារតំបន់ម៉ាឡៃខាងលើ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា ពុំមានច្បាប់អនុញ្ញាតនោះទេ ដោយឈ្មួញបានរត់ការបង់ឲ្យសមត្ថកិច្ចគយ និងមន្រ្តីជលផល និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនកន្លែង ទើបអាចឆ្លងកាត់ខេត្តជាច្រើនទៅដល់គោលដៅបាន។

ជុំវិញការនាំចូលត្រីទាំងនេះ ភ្នាក់ងាររបស់យើង មិនអាចសុំការបំភ្លឺពីសំណាក់ មន្ត្រីគយនិងប្រធានគណកម្មាការច្រកទ្វារតំបន់ម៉ាឡៃបានឡើយ។ តែបើតាមមន្ត្រីខ័ណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាការនាំចូលត្រីតាមតំបន់ម៉ាឡៃ គឺ មានក្រុមហ៊ុននាំចូលដោយស្រប់ច្បាប់។

ទាក់ទងនឹងការនាំចូលត្រីក្លាសេ ជាប្រភេទត្រីប្រា ពីប្រទេសថៃចូលមកកម្ពុជា ដោយប្រភពពីរផ្ទុយគ្នាថា មានច្បាប់និងអត់ច្បាប់ អ្នកសារព័ត៌មានយើង សូមទុកអោយជំនាញធ្វើការស្រាវជ្រាវ និងត្រួកពិនិត្យ។ តែជាក់ស្ដែងកន្លងមក មន្ត្រីជំនាញជលផលខេត្តបាត់ដំបងក៏ដូចជាមន្ត្រីជំនាញជលផលខេត្តសៀមរាប តែងតែធ្វើការចាប់បង្ក្រាបផាក់ពិន័យ ទៅលើរថយន្តសាំយ៉ុង ដែលដឹកត្រីខាងលើ ជាច្រើនដងដោយគ្មានច្បាប់អនុញ្ញាតអ្វីឡើយ ៕

CATEGORIES
Share This