ត្រីប្រាក្លាសេ ០៣រថយន្ត នាំចេញពីថៃតាមច្រកតំបន់ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងបង្ក្រាប
បាត់ដំបង ៖ ត្រីប្រាក្លាសេ ចំនួន០៣រថយន្ត ដែលក្រុមឈ្មួញដឹកជញ្ជូននាំចេញ ពីប្រទេសថៃតាមច្រកតំបន់ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចជំនាញខេត្តបាត់ដំបង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង ធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង១៨ និង៤០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្សារប្រហុក ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
រថយន្តទាំងបីគ្រឿងខាងលើ ជាប្រភេទរថយន្តដឹកទំនិញដែលមានផ្លាកលេខ (បាត់ដំបង 3A-2240 ) ( ផ្លាកលេខ ភ្នំពេញ 3F-4883)( ផ្លាកលេខ កំពង់ធំ3A-0959) ដែលរថយន្តទាំងបីគ្រឿងខាងលើនេះ ត្រូវបានប្រភពលើកឡើងថា តែងតែធ្វើសកម្មភាពដឹកជញ្ជូនត្រីក្លាសេ (ត្រីប្រា) រាប់តោនក្នុងមួយជើងៗនាំចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកតំបន់ម៉ាឡៃ ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឆ្ពោះមកកាន់ខេត្តបាត់ដំបង ដែលឆ្លងកាត់ទីតាំងគយជាច្រើនកន្លែង ដោយរលូនមិនដែលឃើញមានការហាមឃាត់ ឬបង្ក្រាបឡើយ បើទោះបីជាមានបទបញ្ជាពីថ្នាក់លើ អោយមន្ត្រីជំនាញគ្រប់ច្រកចូលរួមទប់ស្កាត់រាល់ការនាំចូលសាច់បង្កក ត្រី សាច់ ក្លាសេ គ្រប់ប្រភេទដែលនាំចូលពីប្រទេសជិតខាងយ៉ាងណាក្តី ជាក់ស្តែងយើងសង្កេតឃើញច្រកតំបន់ម៉ាឡៃ ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅតែមានឈ្មួញដឹកជញ្ជូនត្រីក្លាសេ និងពងត្រី ជាប្រភេទត្រីប្រា បានយ៉ាងរលូនដដែល។
គួរបញ្ជាក់ថា រយៈពេលកន្លងមកកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយមន្ត្រីរដ្ឋបាលជលផល តែងតែធ្វើការឆែកឆេរ និងបង្ក្រាបបានរថយន្តដឹកជញ្ជូនត្រីក្លាសេគ្រប់ប្រភេទ ដែលនាំចេញពីប្រទេសថៃ ជាក់ស្តែងកាលពីវេលាម៉ោង១៨ និង៤០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយមន្ត្រីរដ្ឋបាលជលផល ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង បានធ្វើការបង្ក្រាបបានរថយន្តចំនួន០៣គ្រឿង ដែលក្រុមឈ្មួញដឹកជញ្ជូនត្រី និងពងត្រីប្រាក្លាសេ ពីប្រទេសថៃ តាមច្រកតំបន់ម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកមកទំលាក់ចែកចាយនៅផ្សារប្រហុក ក្នុងទឹកដីស្រុកឯកភ្នំ បន្ទាប់មករថយន្តទាំង០៣គ្រឿង ត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តបាត់ដំបងវដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕











ដោយ ៖ សាលី