ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងបង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន និងកសាងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព
កំពង់ស្ពឺ: ៖ អភិបាលរងខេត្តកំពង់ស្ពឺលោក ស៊ឹម រតន: បានលើកឡើងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ (ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ) នឹងបង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជននិងកសាងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិតនិងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត។
ការលើកឡើងបែបនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នាវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក ស៊ឹម រតនៈ បានលើកឡើងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះទី១ គឺមនុស្ស ដោយបានផ្តោតសំខាន់លើការកសាងនិងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅ«ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។
លោកថា យោងតាមសារាចរស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំនូវអនុសាសន៍មួយចំនួនដើម្បីឱ្យការរៀបចំទិវាជាតិនេះប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពអធិកអធម ក្នុងនោះរួមមាន ៖ ១-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវទទួលបន្ទុករៀបចំទិវាជាតិនេះ និងត្រូវផលិតជាវីដេអូនិងខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ។ ២-ក្រសួង-ស្ថាប័នពាក់ព័ន្ធនានាត្រូវចូលរួមសហការគាំទ្រនិងផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ដើម្បីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ តាមអង្គភាពរៀងៗខ្លួន។ ៣-រដ្ឋបាលរាជធានីភ្នំពេញត្រូវចូលរួមសហការនិងគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សព្វផ្សាយទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥នេះ ឱ្យកាន់តែផុលផុស និងតាមគ្រប់មធ្យោបាយ ដូចជា ការការពារសន្តិសុខសណ្តាប់ធ្នាប់ និងការចងបដាពាក្យស្លោកនៅតាមទីសាធារណៈក្នុងដែនដីរបស់ខ្លួន។ ៤-រដ្ឋបាលខេត្តនីមួយៗត្រូវរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈនិងឯកជន និងអង្គការ សមាគម ដែលស្ថិតក្នុងដែនដីរបស់ខ្លួន។ទន្ទឹមនឹងនេះ ត្រូវមានចលនាលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាផងដែរ។ ៥-ក្រសួងព័ត៌មានត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានសង្គមនានា រួមមាន៖ វិទ្យុ ទូរទស្សន៍ កាសែត និងមធ្យោបាយផ្សព្វផ្សាយផ្សេងទៀតឱ្យផ្សព្វផ្សាយសារាចរ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វីដេអូនិងខ្លឹមសារឯកសារផ្សេងៗ ក្នុងឱកាសប្រារព្ធទិវាជាតិនេះ។ ពិសេសជាងនេះ ក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រដ្ឋបាលរាជធានី-ខេត្តត្រូវរៀបចំចងបដាពាក្យស្លោកនៅតាមអង្គភាព និងទីសាធារណៈ តាមខ្លឹមសារដូចខាងក្រោម ៖ អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥, TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន, សម្តេចធិបតី ផ្តល់ឱកាសថ្មីលើវិថី TVET, សម្តេចធិបតី ជាក្តីសង្ឃឹមរបស់យុវជនគ្រប់រូប, TVET ជាស្ពានចម្លងយុវជនឱ្យឆាប់ទទួលបានការងារសមរម្យ, TVET ដើម្បីនិរន្តរភាពការងារនិងកំណើនសេដ្ឋកិច្ចជាតិ, TVET បង្កើនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់, TVET រៀនពេលខ្លី ងាយរកការងារធ្វើនិងមានចំណូលជាប្រចាំ
, TVET ផ្តល់ឱកាសសម្រាប់ការសិក្សាពេញមួយជីវិត, TVET ជំនាញពិត ជីវិតប្រសើរ, ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត, លើកទឹកចិត្តស្ត្រីនិងជនជាតិដើមភាគតិចចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ។
សូមបញ្ជាក់ថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រែក្លាយពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៅឆ្នាំ២០២៣ ដែលមានគ្រូបច្ចេកទេសសរុបចំនួន ៧៧នាក់ ស្រី ២០នាក់។ មានសិស្ស និស្សិត ក្នុងឆ្នាំ២០២៥នេះសរុបចំនួន២,៩៦៤នាក់ ស្រី ៩៧៩នាក់ ដែលមានកម្រិតចាប់ពីសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ដល់ បរិញ្ញាបត្របច្ចេកវិទ្យា ក្នុងនោះសិស្សកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន ២,៤០៨នាក់ ស្រី ៨៤៥នាក់។ ក្នុងនោះដែរ មានសិស្ស
និស្សិត មកពីឆ្ងាយបានមកស្នាក់នៅវិទ្យាស្ថានចំនួន៨៥នាក់ ស្រី ៣១នាក់។ វិទ្យាស្ថានបានផ្តល់ការបណ្ដុះបណ្ដាលទៅលើវិស័យធំៗដូចជា៖ វិស័យសំណង់ស៊ីវិល និងស្ថាបត្យកម្ម វិស័យអគ្គិសនី និងអេឡិចត្រូនិច, វិស័យមេកានិចរថយន្ត និងយន្តសាស្ត្រទូទៅ, វិស័យវិស្វកម្មឧស្សាហកម្ម និងវិស័យ ព័ត៌មានវិទ្យា ធុរកិច្ច មិនត្រឹមតែផ្ដល់ជំនាញប៉ុណ្ណោះទេ វិទ្យាស្ថានបានសហការជាមួយអង្គការយូចាឈីង (Yu Jiaqing) ដើម្បីបន្ថែមភាសាចិនដល់សិស្ស និស្សិតក្នុងការបំពេញតម្រូវការទីផ្សារការងារផងដែរ ៕















ដោយ ៖ ប៊ុត សារុន