ស្នងការខេត្តបាត់ដំបង ពង្រឹងកម្លាំងក្នុងកិច្ចអន្តរាគមន៍រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងកិច្ចការពារបូរណភាពទឹកដី ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៥នេះ ស្នងការខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានបន្តការផ្សព្វផ្សាយទៅដល់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងមធ្យោបាយ សម្ភារៈនិងគ្រឿងបំពាក់នានា ធានាដល់កិច្ចប្រតិបត្តិការអន្តរាគមន៍ ទាន់ពេលវេលា ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកិច្ចការពារបូរណភាពទឹកដី ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។

ពេលវេលានៃការពង្រឹងកងកម្លាំងនេះ គឺស្របពេលដែលស្ថានការទូទៅនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ហាក់មានភាពតានតឹង រហូតដល់មានការប្រឈម នៅចំណុចមួយចំនួន ដែលចាំបាច់កងកម្លាំងនគរបាល ត្រូវចាត់វិធានការ មិនត្រឹមតែ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងមូលដ្ឋានប៉ុណ្ណោះទេ តែកងកម្លាំងនគរ បាលត្រូវមានកាតព្វកិច្ចនិងភារកិច្ច ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន នៅក្នុងភូមិសាស្រ្តទទួលខុសត្រូវ ពោលគឺក្នុងភូមិសាស្ត្តខេត្តបាត់ដំបង។

ក្នុងនោះដែរ ស្នងការខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានដាក់ផែនការយ៉ាងម៉ឺងម៉ាត់ទៅដល់កម្លាំងចំណុះអោយស្នងការទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងមធ្យោបាយ សម្ភារៈ និងគ្រឿងបំពាក់នានា ធានាដល់កិច្ចប្រតិបត្តិការអន្តរាគមន៍ទាន់ពេលវេលា៕

ដោយ ៖ សាលី

CATEGORIES
Share This