មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ៖ ព័ត៌មានក្លែងក្លាយបាននិងកំពុងជះឥទ្ធិពលអវិជ្ជមានជាខ្លាំង ទៅលើសង្គមនិងប្រទេសជាតិ

កំពង់ស្ពឺ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានថ្លែងថា ការផលិតព័ត៌មានក្លែងក្លាយ បានជះឥទ្ធិពលអវិជ្ជមានជាខ្លាំងទៅលើសង្គម និងប្រទេសជាតិទាំងមូល ដែលអាចធ្វើឱ្យសហគមន៍មានភាពច្របូកច្របល់ បាត់បង់នូវទំនុកចិត្តលើស្ថាប័នសាធារណៈ ។

នេះបើយោងតាមការលើកឡើងរបស់លោក ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងលើកទិសដៅការងារបន្តរបស់មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។

លោក ស្លេះ អាល់ហ្វីន បានលើកឡើងថា ស្របពេលដែលសេរីភាពនៃការផលិតមាតិការផ្សព្វផ្សាយមានភាពសម្បូរបែប ដោយការទទួលនូវមាតិកាទាំងនេះដោយមិនមានរបាំង  បានធ្វើឱ្យមានការកេងប្រវ័ញ្ចបានកើតឡើង មាននៅក្នុងទម្រង់ផ្សេងៗគ្នា មានដូចជាអំពើឆបោក ការគំរាមកំហែង ការកេងប្រវ័ញ្ចផ្លូវភេទ កម្មសិទ្ធិបញ្ញា និងព័ត៌មានមិនពិតជាដើម។

លោកបន្តថា ផលវិបាកនៃដំណឹងក្លែងក្លាយនេះ បានជះឥទ្ធិពលអវិជ្ជមានជាខ្លាំងទៅលើកម្ពុជា និងប្រទេសជាតិទាំងមូល ដែលអាចធ្វើឱ្យសហគមន៍មានភាពច្របូកច្របល់ តាមរយៈការបង្កឱ្យមានការរើសអើង អរិភាពរវាងជាតិសាសន៍ និងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់នូវទំនុកចិត្តលើស្ថាប័នសាធារណៈ ។ហើយក្នុងនោះការលួចទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋក៏បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះចំណុចទាំងនេះ បានធ្វើឱ្យក្រុមការងារបំផុសនូវគំនិតផ្តួចផ្តើមស្វែងរកវិធីសាស្រ្តក្នុងការលុបបំបាត់នូវព័ត៌មានមិនពិត ខណៈកិច្ចការងារនេះ ចាំបាច់ទាមទារឱ្យមានការចូលរួមពីបណ្តាដៃគូពាក់ ព័ន្ធទាំងអស់គ្នា។ពិសេសត្រូវមានរបាំង ដើម្បីទប់ស្កាត់នូវដំណឹងក្លែងក្លាយទាំងនោះ។ របាំងនេះអាចជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ឧបករណ៍ឬបច្ចេកទេសនៃការផ្ទៀងផ្ទាត់ព័ត៌មាន វិធានការបទដ្ឋានគតិយុត្តិក្នុងការគ្រប់គ្រងបរិស្ថាននៅប្រព័ន្ធផ្សព្វផ្សាយ និងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិតជាដើម។

លោក ស្លេះ អាល់ហ្វីន ក៏ក្រើនរំឭកផងដែរដល់មន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺត្រូវបង្កើនការផលិតព័ត៌មានឱ្យបានផុលផុសដើម្បីផ្សព្វផ្សាយនិងជាសារមួយទៅដល់ថ្នាក់ដឹកនាំ ពិសេសចុះផលិតព័ត៌មានជុំវិញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបង្ហាញពីតថភាពនៃការរស់នៅរបស់ពួកគាត់ ត្រូវបន្តសហការជាមួយមន្ទីរស្ថាប័ននានាដើម្បីប្រមូលបានព័ត៌មានថ្មីបន្ថែមទៀត ផលិតព័ត៌មានពិតដើម្បីឆ្លើយតបព័ត៌មានក្លែងក្លាយ។

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This