អន់ចិត្តនឹងគ្រួសារធ្វើការហត់ពិបាក បុរសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
បាត់ដំបង ៖ ព្រោះតែអន់ចិត្តនឹងគ្រួសារធ្វើការហត់ពិបាក បុរសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ១០និង២០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្រុមទី២១ ភូមិអូរគ្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ អៀង សំអុល ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅចំណុចក្រុមទី២១ ភូមិអូរគ្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយយកខ្សែអង្រឹងរុំព័ទ្ធជាប់នឹងខ្សែគោប្រវែង ០.៩០ម៉ែត្រ ចងកនឹងមែកស្វាយកំពស់ពីដីប្រវែង ២ម៉ែត្រ នៅចំការស្វាយក្រោយផ្ទះប្រហែល ១០០ម៉ែត្រ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យរួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕


ដោយ ៖ សាលី