ថៃ បិទមិនអោយអាជីវករខ្មែរប្រើមធ្យោបាយម៉ូត និងរថយន្តចេញចូល តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៣នេះ
ប៉ោយប៉ែត ៖ ទាហានថៃនៃក្លងឡឹក ខាងកម្ពុជាច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ២០២៥នេះ បានហាមឃាត់មិនអនុញាតអោយមធ្យោបាយធ្វើដំណើរជាប្រភេទម៉ូតូ រថយន្ត និងរទេះរបស់កម្ពុជា ដែលអាជីវករខ្មែរតែងប្រើជាមធ្យោបាយចេញចូលទៅប្រកបរបរលក់ដូរ នៅផ្សាររុងគ្លឿងទេ តែក្រោយភ្លាមៗ ដោយមានការសម្របសម្រួលគ្នាខាងថៃបានអនុញាតអោយតែរថយន្ត ចេញចូលតែប៉ុណ្ណោះ ចំណែកម៉ូតូ និងរទេះអូរ មិនអោយចេញចូលទេ។
កាលដែលភាគីថៃ នៃច្រកអន្តរជាតិប៉ោយប៉ែត មិនអនុញាអោយម៉ូតូកម្ពុជា ចេញចូលដូចនេះបន្ទាប់ពីខាងកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើការផ្អាកទាំងស្រុង នូវការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ នៅត្រឹមម៉ោង១២យប់ថ្ងៃទី២២ ខែមិថុនា ២០២៥នេះតទៅ។ និងម្យ៉ាងទៀតបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃ បានចុះផ្សាយខុសពីការពិតថា ប្រជាពលរដ្ឋកម្ពុជាក្រុងប៉ោយប៉ែត សម្រុកឆ្លងដែនចូលទៅចាក់ប្រេងនៅថៃ តាមច្រកអន្តរជាតិ។ តែការពិតជារឿងធម្មតា ដែលអាជីវករខ្មែរចេញចូលទៅប្រកបអាជីវកម្ម ជាថៅកែលក់ដូរនៅផ្សារថៃ។
បើតាមលោក វ៉ាន់ ដារ៉ាន់ ប្រធានគណៈកម្មាការច្រកអន្តរជាតិប៉ោយប៉ែត បានអោយដឹងថា ខាងថៃចង់បិទឬបើកស្រេចតែចិត្តជាឯកតោភាគី មិនជូនដំណឹងមុនឡើយ ដែលជាហេតុពិបាកនិងធ្វើការជាមួយគ្នា។ ចំពោះការបិទមិនអោយម៉ូតូ រថយន្ត ចូលនៅព្រឹកនេះជាបឋមយើងបានសម្របសម្រួល បានរថយន្តចេញចូលហើយក្រុមការងារខាងកម្ពុជាកំពុងបន្តនិយាយគ្នា ៕




