ឯកឧត្តម ស សុខា រយៈពេលកន្លងទៅ អ្នកជាប់ពន្ធនាគារទូទាំងប្រទេស មានជាង ៥៦០០០នាក់ ក្នុងនោះជាង ៥០% ជាប់ពាក់ព័ន្ធទៅនឹងគ្រឿងញៀន

បាត់ដំបង ៖ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” ដែលប្រារព្ធធ្វើឡើងនាល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅព្រលានយន្តហោះបាត់ដំបង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រយៈពេលកន្លងទៅ អ្នកជាប់ពន្ធនាគារទូទាំងប្រទេស មានជាង ៥៦០០០នាក់ ក្នុងនោះជាង ៥០% ជាប់ពាក់ព័ន្ធទៅនឹងគ្រឿងញៀន។

ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ សូមលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ តាមដានដែនសមត្ថកិច្ចរបស់ខ្លួនទៅតាមឯកទេស ជំនាញរៀងៗខ្លួន ដោយអនុវត្តឱ្យបានមឺងម៉ាត់ តាមប្រសាសន៍ណែនាំរបស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងសូមចូលរួមអនុវត្តឱ្យបានប្រសិទ្ធភាព នូវខ្លឹមសារអនុសាសន៍ណែនាំក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពិសេសត្រូវបន្តអប់រុំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ពីការប្រើប្រាស់គ្រឿងញៀន នៅតាមទីសាធារណៈនានា និងនៅតាមគ្រឹះស្ថានសិក្សារបស់ឯកជនដើម្បីបញ្រ្ជាបអោយមានការយល់ដឹងគ្រប់គោលដៅ ពិសេសយុវជន និងសិស្សានុសិស្ស , ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព និងផ្សព្វផ្សាយដើម្បីទប់ស្កាត់សកម្មភាពចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមសាលា , បន្តពង្រឹងពិនិត្យការណែនាំនូវសារធាតុគីមីផ្សំចូល បង្កើនការត្រួតពិនិត្យការគ្រប់គ្រងនូវសារធាតុគីមីរួមផ្សំ និងទប់ស្កាត់បង្ក្រាបនូវសារធាតុគីមីផ្សំដោយខុសច្បាប់គ្រប់ប្រភេទ , សូមបន្តពង្រឹងនិងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាងអោយកាន់តែទូលំទូលាយដើម្បីធានាគុណភាពប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក តាមរយៈការិយាល័យទំនាក់ទំនងព្រំដែន ព្រមទាំងបន្តជំរុញអនុវត្តស្មារតីកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់តាមព្រំដែនដើម្បីឈានដល់ការទប់ស្កាត់កុំឲ្យមានគ្រឿងញៀននៅតាមគោលដៅតំបន់នានានៅតាមជាប់ប្រទេសជិតខាង។

គួរបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” ដែលប្រារព្ធធ្វើឡើងនៅថ្ងៃនេះ គឺបានមកពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តទាំងប្រាំមួយ រួមមាន!(ខេត្តបាត់ដំបង,ពោធិ៍សាត់, ប៉ៃលិន, បន្ទាយមានជ័យ,ឧត្តរមានជ័យ និងខេត្តសៀមរាប) ដែលសរុបមាន ៦៧៩ សំណុំរឿង ដែលស្ថិតក្រោមដែនសមត្ថកិច្ចសាលាឧទ្ធរណ៍បាត់ដំបង ក្នុងនោះមាន ,ប្រភេទក្រាមមានទម្ងន់ ៣៤ ២៣៨៧.៤៥ (សាមសិបបួនម៉ឺនពីរពាន់បីរយប៉ែតសិបប្រាំពីរ កណ្តក់សញ្ញា សែសិបប្រាំ)ក្រាម , ប្រភេទគ្រាប់មានចំនួន ៣៣ ៥៦២ (បីម៉ឺនបីពាន់ប្រាំរយហុកសិបពីរ)គ្រាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This