លួចម៉ូតូពីក្រុងប៉ោយប៉ែត គេចខ្លួនដល់ស្រុកមង្គលបូរី ត្រូវអាវុធហត្ថចាប់ខ្លួន
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងអាវុធហត្ថស្រុកមង្គលបូរី បង្ក្រាបឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូពីក្រុងប៉ោយប៉ែត ហើយរត់គេចខ្លួនមកដល់ស្រុកមង្គលបូរី ។
លោកអនុសេនីយ៍ឯក ងួន វិញ្ញាណ នាយការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅវេលាម៉ោង១២ និង៤០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ មានករណី លួចម៉ូតូ របស់ជនរងគ្រោះឈ្មោះ ថា សីហា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាសន្ដិសុខ នៅចំណុចភូមិបាលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យឈ្មោះ ជា សុខថេត ភេទប្រុស អាយុ ៤១ឆ្នាំ ។
លោកបន្តថា ក្រោយទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ចុះស្រាវជ្រាវកំណត់មុខសញ្ញារហូតដល់វេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចមុខវត្ដតាសល់ ស្ថិតក្នុងភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី រួមទាំងដកហូតវត្ថុតាង ម៉ូតូចំនួន០១គ្រឿង នាំយកមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសួរនាំតាមនីតិវិធី។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
យោងតាម ពាក្យបណ្ដឹង និងចម្លេីយសារភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយឡែកម៉ូតូ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕


