សន្តិសុខម្នាក់ ៣ថ្ងៃ លួចទូរស័ព្ទបាន ៣០គ្រឿង ត្រូវប្រធានសន្តិសុខ ចាប់ខ្លួនប្រគល់ជូនអាវុធហត្ថស្រុកអូរជ្រៅ
បន្ទាយមានជ័យ ៖ ជនសង្ស័យ ជាសន្តិសុខយាមការដ្ឋានសំណង់ម្នាក់ ត្រូវបានប្រធានសន្តិសុខ ចាប់ខ្លួនប្រគល់ជូនអាវុធហត្ថស្រុកអូរជ្រៅ អនុវត្តតាមនីតិវិធី បន្ទាប់ពីធ្វើសកម្មភាព លួចទូរស័ព្ទរបស់បុគ្គលិកក្នុងការដ្ឋាន ក្នុងរយៈពេល៣ថ្ងៃ បានទូរស័ព្ទ ៣០គ្រឿង ។
លោកអនុសេនីយ៍ឯក ហ៊ូ សារី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឱ្យដឹងថា នៅវេលាម៉ោង២៣ និង០០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ គង់ វណ្ណរ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប្រធានសន្តិសុខ បាននាំខ្លួនសន្តិសុខម្នាក់ ឈ្មោះ រី សារ៉ាត់ (កែវ) ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ហើយប្តឹងចោទប្រកាន់ ពីបទ លួចទូរស័ព្ទ ដែលជនសង្ស័យ បានលួចកាលពីថ្ងៃទី១៨-១៩-២១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចការដ្ឋានសំណង់ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងយកបានវត្ថុតាង ទូរស័ព្ទចំនួន៣០គ្រឿងផងដែរ ។
លោកអនុសេនីយ៍ឯក ហ៊ូ សារី បានបន្តថា ក្រោយទទួលបានជនសង្ស័យ ពាក្យបណ្ដឹង និងវត្ថុតាង ព្រមទាំងស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញធ្វើការឃាត់ខ្លួនភ្លាមៗ ហើយកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរួមមក កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកវត្ថុតាង ត្រូវបានប្រគល់ជូន ជនរងគ្រោះវិញហេីយផងដែរ ៕



