ថៃចាប់ពពលករខ្មែរ ១០៥នាក់ បញ្ជូនមកកម្ពុជាវិញ

បន្ទាយមានជ័យ ៖ ខណៈពេលដែលភាគីថៃ ធ្វើការបិតច្រកខ្លងឡឹកទាំងស្រុងដោយឯកតោភាគី ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏ដោយ ក៏ភាគីថៃនៅតែធ្វើការចាប់បញ្ជូនពលករខ្មែរ ដែលរស់នៅធ្វើការខុសច្បាប់ក្នុងទឹកដីថៃ បញ្ជូនមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

ការចាប់បញ្ជូននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានចាប់បញ្ជូនពលករខ្មែរប្រុសស្រីក្មេងចាស់ សរុបមានចំនួន១០៥នាក់ ដែលរស់នៅធ្វើការខុសច្បាប់ក្នុងទឹកដីថៃ ដោយមានការចាំទទួល ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចនគរបាលច្រក​ទ្វារព្រំដែនអន្ដរប៉ោយប៉ែតប៉ោយប៉ែតផងដែរ ។

ក្រៅពីពលករខ្មែរខាងលើ ក៏មានការបញ្ជូននូវអ្នកជំងឺដែលជាពលរដ្ឋខ្មែរ ចេញចូលព្យាបាលនៅប្រទេសថៃ ចំនួន០៧នាក់ និងសាកសពពលរដ្ឋខ្មែរ ចំនួន២សាកសពទៀតផងដែរ ។

សូមបញ្ជាក់ថា មានតែពលករខ្មែរដែលរស់នៅធ្វើការដោយខុសច្បាប់ក្នុងទឹកដីថៃ ចំនួន១០៥នាក់ និងអ្នកជំងឺចំនួន ៧នាក់ ព្រមទាំងសាកសព ចំនួន២សាកសពប៉ុណ្ណោះ ដែលត្រូវបានអាជ្ញាធរសមត្ថកិច្ចថៃ បញ្ជូនមកកម្ពុជាវិញ ដោយឡែកចំពោះប្រជាពលរដ្ឋ និងអាជីវកររស់នៅប្រកបរបរស្របច្បាប់ ក្នុងផ្សាររុងក្លឿ ប្រទេសថៃ គឺមិនត្រូវបាន អាជ្ញាធរ សមត្ថកិច្ចថៃ អនុញ្ញាតឲ្យចេញមកកម្ពុជាវិញនោះទេ ពោលគឺ កំពុងរង់ចាំ និងកកស្ទះនៅក្នុងទឹកដីថៃ នៃច្រកទ្វារ ឈមនឹងច្រកទ្វារព្រំដែនអន្ដរប៉ោយប៉ែត ៕

ដោយ ៖ លី គឹមហាក់

CATEGORIES
Share This