គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ១១គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញ ពេលពូនរងដាំដំឡូងមីខាងក្រោយផ្ទះ
បាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ធន់ធ្ងន់ចំនួន១១គ្រាប់ ដែលបន្សល់ទុកពីសម័យសង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិកណ្តាល ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ខណៈកំពុងពូនរងដាំដំឡូងមីខាងក្រោយផ្ទះ។
សមត្ថកិច្ចបានអោយដឹងថា ប្រជាពលរដ្ឋប្រទះឃើញគ្រាប់ខាងលើមានឈ្មោះ ភួង ហ៊ួត ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្រុមទី២ ភូមិកណ្តាល ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ខណៈដែលខ្លួនកំពុងពូនរងដាំដំឡូងមី ក៏បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន ១១គ្រាប់ ដែលជាប្រភេទគ្រាប់ប៊េ៦០ ចំនួន១០គ្រាប់ ប្រភេទគ្រាប់ឡង់ចំនួន០១គ្រាប់ ផុសឡើងពីរងដំឡូងមីរបស់ខ្លួនតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋខាងលើ ភ្លាមៗសមត្ថកិច្ចកម្លាំងប៉ុស្ដ៍នគរបាលរដ្ឋបាលកំពង់ល្ពៅ បានចុះទៅពិនិត្យទីតាំងខាងលើ និងបានរាយការណ៍ជូនមន្ត្រីស៊ីម៉ាកចុះមកប្រមូលដើម្បីយកទៅដុតកម្ទេចចោលផងដែរ ៕




ដោយ ៖ សាលី