សន្តិសុខផ្សារធំបាត់ដំបងម្នាក់ បានដេកស្លាប់ សង្ស័យគាំងបេះដូង
បាត់ដំបង ៖ បុរសជាសន្តិសុខផ្សារម្នាក់ បានដេកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៤និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងបន្ទប់ស្នាក់ការផ្សារធំបាត់ដំបង(ផ្សារណាត់)ស្ថិតក្នុងក្រុមទី១៩ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ អែល ហ្វាស៊ី ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិដាំស្ណៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ ដែលជនរងគ្រោះមានជំងឺប្រចាំកាយ(រោគបេះដូង)ហើយជនរងគ្រោះប៉ុន្មានថ្ងៃជាប់គ្នានេះតែងតែប្រាប់ក្រុមការងារនិង បងប្អូនអាជីវករថា អត់ស្រួលខ្លួន និងឈឺក្បាលជាប្រចាំផងដែរ។
ប្រភពដដែលបានបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះបន្ទាប់ពីហូបបាយរួចបានចូលគេងនៅក្នុងបន្ទប់ស្នាក់ការដូចសព្វមួយដង លុះនៅវេលាម៉ោង១២យប់ បុរសសន្តិសុខដូចគ្នាបានដើរពិនិត្យនិងឃើញជនរងគ្រោះកំពុងដេកទំលាក់ជើងចុះក្រោមតែមិនចាប់អារម្មណ៍ លុះនៅវេលាម៉ោង០៤និង០០នាទី ទៀបភ្លឺ សន្តិសុខម្នាក់ផ្សេងទៀតបានទៅហៅជនរងគ្រោះដើម្បីប្តូវេណយាមទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានចុះទៅពិនិត្យកោសល្យវិច័យ និងបានសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង បន្ទាប់មកបានធ្វើកំណត់ហេតុប្រគល់សពអោយសាច់ញាតិយកទៅរៀបចំធ្វើកិច្ចទៅតាមបែបសាសនារៀងៗខ្លួនផងដែរ ៕





ដោយ ៖ សាលី