អ្នកឧកញ៉ា សួរ វីរៈ លើកទឹកចិត្តសិស្សានុសិស្សឲ្យខិតខំរៀនសូត្រ ដើម្បីទទួលបាននិទ្ទេសA
កំពង់ធំ ៖ ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ លើកទឹកចិត្តសិស្សានុសិស្សឲ្យខិតខំរៀនសូត្រ ទទួលបាននិទ្ទេសA ដើម្បីទទួលបាននូវការជិះរថយន្តក្រុងរបស់ក្រុមហ៊ុន វិរ: ប៊ុនថាំ ១ឆ្នាំ ដោយឥតគិតថ្លៃ ។
អ្នកឧកញ៉ាបានលើកទឹកចិត្តដូច្នេះ នៅក្នុងពិធីសម្ពោធកាត់ខ្សែបូដាក់ឧ្យប្រើប្រាស់ សមិទ្ធផលនានានៅវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ាក៏បានបង្ហាញនូវបទពិសោធន៍ល្អៗ ក្នុងការសិក្សារៀនសូត្រឱ្យបានពូកែក៏ដូចជាបទពិសោធន៍ក្នុងការធ្វើវិនិយោគ ជាពិសេសការខិតខំតស៊ូព្យាយាមធ្វើជំនួញតាំងពីបាតដៃទទេរហូតក្លាយជាអ្នកឧកញ៉ា ហើយមានអាជីវកម្មជាច្រើននៅក្នុងដៃ។
លើសពីនេះ អ្នកឧកញ៉ា បានគាំទ្រយ៉ាងពេញទំហឹងជាមួយ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាវិជ្ជាជីវៈនានាព្រោះបានផ្ដល់ឱកាសដល់យុវជនក្នុងការសិក្សាជំនាញវិជ្ជាជីវៈផ្សេងៗដែលក្រោយពីការបញ្ចប់ការសិក្សានឹងមានជំនាញប្រហាក់ប្រហែលចប់ការរៀនថ្នាក់បរិញ្ញាបត្រផងដែរ។
ជាចុងបញ្ចប់ អ្នកឧកញ៉ាបានលើកទឹកចិត្តដល់ សិក្សានុសិស្សក៏ដូចជាអ្នកធ្វើជំនួញផ្សេងៗត្រូវព្យាយាមតស៊ូកុំបោះបង់នូវ គោលដៅឬមហិច្ឆរបស់ខ្លួនទោះស្ថិតក្នុងស្ថានភាព លំបាកយ៉ាងណាក៏ដោយព្រោះការតស៊ូនេះគឺជាបទពិសោធន៍ដ៏រឹងមាំដែលឈានទៅទទួលបានជោគជ័យដ៏ត្រចះត្រចង់។
សូមបញ្ជាក់ថា ការសម្ពោធដាក់ឧ្យប្រើប្រាស់នៅក្នុងឱកាសនេះរួមមាន ផ្លូវបេតុងប្រវែង៨១៤ម៉ែត្រ តារាងបាល់បោះ កុងទីន និងរូបចម្លាក់ផងដែរ ដែលមានតម្លៃសរុប១៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ៕








