ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៦.៣៥៥ប័ណ្ណ ជូនពលរដ្ឋក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖​ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៦.៣៥៥ប័ណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ក្នុងពិធីប្រកាសបញ្ចប់ការវាស់វែង និងប្រគល់វិញ្ញាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ, និងមានការចូលរួមពីសំណាក់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក មាស ដារ៉ា ប្រធានសុរិយោដីខេត្តបន្ទាយមានជ័យ រួមនិងមន្ត្រីរាជការ ប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ស្របតាមគោលនយោបាយ ៣ចំណុច របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃនេះខេត្តបន្ទាយមានជ័យ បានធ្វើពិធី ប្រកាសបញ្ចប់ការវាស់វែង និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពល ចំនួន ៦.៣៥៥ ប័ណ្ណ ក្នុងនោះមាន ៖ ២ក្រុង ៧ស្រុក ស្មើនឹង ១២សង្កាត់ ៥៥ឃុំ និង ៦៦៤ភូមិ,  ក្បាលដីប៉ាន់ស្មានចុងក្រោយទូទាំងខេត្តបន្ទាយមានជ័យ សរុបមានចំនួន ៦៧៨. ៦៦៥ក្បាលដី, លទ្ធផលការងារសម្រេចបានក្នុងខែមិថុនា ឆ្នាំ២០២៥  វាស់វែងក្បាលដីបាន ចំនួន ៧០៨.១៥៦ក្បាលដី, ចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋរួចហើយ បានចំនួន ២៩៦. ៧២៣ប័ណ្ណ ។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ ជាខេត្តទី៨ ដែលត្រូវបានប្រកាសបិទបញ្ចប់ការវាស់វែងនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះ បន្ទាប់ពី ខេត្តកំពង់ចាម, ស្វាយរៀង, សៀមរាប, កំពង់ស្ពឺ, ព្រះសីហនុ, កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ ។ ឯកឧត្តម ក៏បានកោតសរសើរ​និង​វាយតំ​លៃ​ខ្ពស់​ ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីររៀបចំដែនដីនគរូបនីយកម្ម និង​សំណង់ ដែល​តែងតែ​យកចិត្តទុកដាក់ ក្នុង​ការកសាង​ធនធានមនុស្ស សំដៅ​ពង្រឹងសមត្ថភាព​ជំនាញ​បង្កើន​ការទទួលខុសត្រូវ ​ចំពោះ​តួនាទី​និង​ភារកិច្ច​ក្នុ​ងការបំរើ​ប្រជាពលរដ្ឋ​ ក៏ដូចជា​ប្រទេសជាតិ ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់ ​។​  ឯកឧត្តម ក៏បាន​ថ្លែង​អំណ​គុណ​ចំពោះ​ប្រជាពលរដ្ឋ ​ដែល​បាន​ចូលរួម​ស្វែងយល់ ​អំពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណៈជា​ប្រព័ន្ធ ដើម្បីពិនិត្យថា ការចុះបញ្ជីមានលក្ខណៈ​ជា​ប្រព័ន្ធ មាន​ភាព​សុ​ក្រឹត្យ​ទាំង​ការងារ​បច្ចេកទេស និង​ផ្លូវច្បាប់​ត្រឹមត្រូវ មាន​សុ​វត្តិភាព នៃ​ការកាន់កាប់​ដីធ្លី កាត់បន្ថយ​ទំនាស់​និង​ជំរុញ​ឲ្យ​មាន​ទីផ្សារ​ដីធ្លី​ប្រកបដោយប្រសិទ្ធភាព​ខ្ពស់​ កាត់បន្ថយ​ភាពក្រីក្រ ស្ថេរ​ភាព​សង្គម និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យកាន់តែ​ប្រសើ​ឡើង ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋ​ភិ​បាល​ដែលមាន សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ ៕

CATEGORIES
Share This