មនុស្សប្រុសស្រី០៣នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នា
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៣នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងម៉ូតូ០២គ្រឿង បុកគ្នាពេញទំហឹងនៅវេលាម៉ោង០២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AN-0405 បើកបរទិសដៅពីកើតទៅលិច ចំណែកម៉ូតូ០១គ្រឿងទៀត ម៉ាកហុងដាស្កូបពី ពណ៌ស គ្មានផ្លាកលេខ បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងក៏ជ្រុលទៅបុកគ្នាពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង០៣នាក់តែម្តង ។
ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញ បានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕






ដោយ ៖ សាលី