លោក វឺ ថងរ័ក្ស ត្រូវបាន រដ្ឋបាលខេត្តបន្ទាយមានជ័យប្រកាសចូលកាន់មុខតំណែងជាអភិបាលរងក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ លោក វឺ ថងរ័ក្ស ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាអភិបាលរងក្រុងប៉ោយប៉ែត ជំនួសលោក ហឿន វីរៈ ត្រូវបានផ្លាស់ប្តូរមុខតំណែង ពីអភិបាលរងក្រុងប៉ោយប៉ែត ទៅកាន់តំណែងជាអភិបាល នៃគណៈស្រុកព្រះនេត្រព្រះ ។
ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។
ដើម្បីឆ្លើយតបនូវសេចក្តីទុកចិត្តលោក វឺ ថងរ័ក្ស អភិបាលរងក្រុងប៉ោយប៉ែត បានប្តេជ្ញាចិត្ត ៧ចំណុចសំខាន់ៗ ជាពិសេសប្តេជ្ញាអនុវត្តការងារ តាមឋានានុក្រម ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរ សាមគ្គីភាព ឯកភាពជាមួយគ្រប់ អង្គភាពពាក់ព័ន្ធ ដើម្បីសម្រេចបាននូវគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន និងប្តេជ្ញាគោរពយ៉ាងខ្ជាប់ខ្ជួន នូវអភិក្រមទាំង៥ របស់មន្ត្រី “ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ” ដើម្បីលត់ដំខ្លួន ឱ្យសក្តិសមជាមន្ត្រី ទទួលការជឿជាក់ពីប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លេីកឡេីងថា ការតែងតាំងមន្រ្តីរាជការ គឺជាដំណើរការប្រក្រតី សម្រាប់ដំណើរការគ្រប់គ្រងបុគ្គលិកបំពេញការងារប្រចាំថ្ងៃ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាពនៃការគ្រប់គ្រង ។ ឯកឧត្ដម បន្តថា យ៉ាងណាមិញការគ្រប់គ្រងមន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺត្រូវបានរាជរដ្ឋាភិបាលធ្វើប្រតិភូកម្មអំណាច មកឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក តាមរយៈអនុក្រឹត្យលេខ២៤០ អនក្រ.បក ឆ្នាំ២០១៧ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការបំពេញការងាររបស់មន្រ្តីរាជការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដែលកិច្ចការនេះ រដ្ឋបាលខេត្ត តែងតែបានយកចិត្តទុកដាក់អនុវត្តយ៉ាងសុក្រឹត្យ ដោយអនុលោមតាមបទដ្ឋានគតិយុត្តជាធរមាន ពោលគឺ ករណីតែងតាំងគឺ ត្រូវផ្អែកលើគោលការណ៍មុខតំណែងដែលនៅទំនេរដែលត្រូវបំពេញ។
ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី ក៏បានណែនាំដល់អភិបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព ការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព និងភាពរហ័សទាន់ចិត្ត ជាពិសេស សេវាតម្រូវការ និងសេវាសំណូមពររបស់ប្រជាពលរដ្ឋ, ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រោះថ្នាក់ចរាចរ ជាពិសេស ត្រូវខិតខំអនុវត្តនូវគោលនយោបាយ ” ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ឱ្យទទួលបានលទ្ធផលល្អប្រសើរថែមទៀត ៕












ដោយ ៖ លី គឹមហាក់