មេអាវុធហត្ថខេត្តកំពង់ស្ពឺ ជម្រុញឱ្យបង្កើនការចុះអប់រំផ្សព្វផ្សាយគ្រឿងញៀន ក្មេងទំនើង ដល់សាលារៀន ជាជាងការបង្ក្រាបដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរគ្រួសារ

កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការណែនាំទៅដល់កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសឱ្យបង្កើនការចុះអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងឱ្យដល់សាលារៀន ប្រសើរជាងការបង្ក្រាប ដែលផ្តល់ផលប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរក្រុមគ្រួសារ។

នេះបើយោងតាមការលើកឡើងរបស់លោកវរសេនីយ៍ទោ ណុល តារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក្នុងឱកាសចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) និងក្មេងទំនើង ក្នុងវិទ្យាល័យ ហ៊ុន សែន បាត់ដឹង ក្រុងឧដុង្គម៉ែជ័យ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ដែលមានសិស្សចូលរួមប្រមាណ១៦០៧នាក់។ និងលោកគ្រូ អ្នកគ្រូចំនួន៥១នាក់។

លោកវរសេនីយ៍ទោ ណុល ដារ៉ា បានលើកឡើងថា លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានយកចិត្តទុកដាក់ខ្ពស់ចំពោះអនាគតកូនក្មួយដោយមិនចង់បង្ក្រាបនិងចាប់ខ្លួនយកមកអនុវត្តទោសដែលនាំឱ្យខូចអនាគតនិងប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរក្រុមគ្រួសារនោះឡើយ។ដោយការគិតគូនេះលោកឧត្តមសេនីយ៍បានផ្ញើសារអប់រំមកថា”ដើម្បីអនាគតក្មួយៗ សូមគេចឱ្យឆ្ងាយពីគ្រឿងញៀន និងដកខ្លួនចេញពីក្រុមបងតូច បងធំជាបន្ទាន់)ព្រោះច្បាប់មិនដែលលើកលែងឱ្យឡើយចំពោះក្មួយៗដែលពាក់ព័ន្ធនិងអំពើល្មើសទាំងអស់នេះ។

ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺលោក ណុល ដារ៉ា បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រនៃការផ្សព្វផ្សាយជាប្រចាំនៅគ្រប់វិទ្យាល័យ គឺដើម្បីជាសារក្រើនរំឭកទៅដល់កូនក្មួយជាសិស្សានុសិស្សបានយល់ដឹងពីផលប៉ះពាល់នៃការសេពនិងប្រើប្រាស់គ្រឿងញៀន ពិសេសគឺសកម្មភាពក្មេងទំនើងដែលបង្កអសន្តិសុខក្នុងសង្គម។ ហើយសារនេះក៏ជាប្រយោជន៍ អាចជួយឱ្យយុវជនយើងយល់ដឹង និងជៀសវាងការប្រើប្រាស់នូវសារធាតុញៀននេះនិងអាចកាត់បន្ថយអំពើឧក្រិដ្ឋ ដូចជាលួចឆក់ ប្លន់ ឬហិង្សាក្នុងគ្រួសារ និងប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិទៀតផង។ទន្ទឹមនេះយើងជាសមត្ថកិច្ចបានចាត់ទុកការអប់រំ ផ្សព្វផ្សាយនិងជួយកាត់បន្ថយបញ្ហា ពង្រឹងសុខភាពផ្លូវចិត្ត និងរាងកាយយុវជនដែលមិនប្រើគ្រឿងញៀនមានសុខភាពល្អ និងមានសមត្ថភាពរៀនសូត្រ និងធ្វើការបានល្អជាការការពារដ៏ប្រសើរ ។

ជាមួយនោះដែរលោកវរសេនីយ៍ទោ ណុល តារា ក៏បានលើកឡើង ដោយបង្ហាញពីឱកាសនិងអនាគតយុវជនដែលមិនជាប់គ្រឿងញៀនថា យុវជនជាសសរទ្រូងនៃសង្គមជាតិ សង្គមជាតិមានភាពរឹងមាំគឺដោយសារតែធនធានមនុស្សពិសេសគឺយុវជនគ្រប់ជំនាន់នេះហើយ។ ដូច្នេះសូមយុវជនទាំងអស់ត្រូវដកខ្លួន ជៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំចង់សាក ចង់ដឹងឬភ្លក្សគ្រឿងញៀននោះឡើយ ហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន មួយវិញទៀតត្រូវបញ្ឈប់រាល់សកម្មភាពនានានៃការមូលផ្តុំបង្កើតជាក្រុមក្មេងទំនើងដែលរាជរដ្ឋាភិបាលកំពុងលុបបំបាត់ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This