អាជ្ញាធរណែនាំដល់ក្រុមការងារ ឱ្យពន្លឿនការចុះអង្កេតលើការកាន់កាប់ដីជាក់ស្តែង របស់ពលរដ្ឋ១៥៦គ្រួសារ ក្នុងអាងទឹករដ្ឋនៅស្រុកបសេដ្ឋ

កំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺបានធ្វើការក្រើនរំឭកដល់ក្រុមការងារឱ្យពន្លឿនការចុះអង្កេតលើការកាន់កាប់ដី អាស្រ័យផលជាក់ស្តែងរបស់ពលរដ្ឋចំនួន១៥៦គ្រួសារ ដើម្បីញែកឱ្យដាច់និងចេញបណ្ណកម្មសិទ្ធិជូនពួកគាត់តាមការស្នើនិងកំណត់ព្រំផ្ទៃអាងឱ្យបានច្បាស់លាស់។ការក្រើនរំឭកនេះធ្វើឡើងក្នុងជំនួបផ្សព្វផ្សាយជាសាធារណៈ លើសំណើសុំវាស់វែងនិងចុះបញ្ជីដីរដ្ឋ និងដី អាស្រ័យផលរបស់ប្រជាពលរដ្ឋ៣ភូមិនៅជុំវិញទំនប់ តាដែង តានួន ស្ថិតក្នុងឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបានលើកឡើងថា ពលរដ្ឋចំនួន១៥៦គ្រួសារបានស្នើសុំឱ្យរដ្ឋបាលខេត្តកាត់ឆ្វៀលដីដែលពួកគាត់កំពុងអាស្រ័យផលចេញពីអាងរបស់រដ្ឋ និងសុំឱ្យមន្ត្រីជំនាញចេញបណ្ណកម្មសិទ្ធិបញ្ជាក់លើសិទ្ធិកាន់កាប់ស្របច្បាប់ គ្រាដែលស្រុកនេះបានបិទបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណ:ជាប្រព័ន្ធរួចរាល់ហើយ។ក្រោយទទួលបានសំណើរនេះ អភិបាលខេត្តកំពង់ស្ពឺ ប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនិងជាប្រធានគណកម្មាធិការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត លោក ជាម ច័ន្ទសោភ័ណ ក៏បានបង្កើតក្រុមការងារចុះតាមដាន ពិនិត្យលើការកាន់កាប់ អាស្រ័យផលជាក់ស្តែង ដើម្បីឈានទៅធ្វើការវាស់វែងនិងចេញបណ្ណកម្មសិទ្ធិស្របច្បាប់។

ទន្ទឹមនិងការចេញប័ណ្ណនេះដែរ លោក ជេត ដុំ បានប្រាប់ដល់ពលរដ្ឋឱ្យត្រៀមឯកសារពាក់ព័ន្ធនិងរាយការណ៍ពីប្រវត្តិកាន់កាប់ អាស្រ័យផលលើដីក្នុងអាងទឹកតាដែង តានួនដើម្បីឱ្យក្រុមការងារមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការពិនិត្យ សម្រេចលើទិន្នន័យដីដែលបានកាន់កាប់ជាក់ស្តែង។បន្ថែមពីនេះ ក្រុមការងារត្រូវបង្កើនសកម្មភាពការងារក្នុងចុះឱ្យដល់ទីតាំងដីជាក់ស្តែងដើម្បីឱ្យការងារស្រង់ទិន្នន័យប្រព្រឹត្តិទៅបានជាក់លាក់និងមិនត្រូវមានការឃុបឃិតណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធិភាព តម្លាភាពការងាររួមនោះទេ។ហើយក្រោយពីប្រមូលបានទិន្នន័យក្រុមការងារចំរុះថ្នាក់ខេត្ត ត្រូវត្រៀមចុះវាស់វែង កំណត់ព្រំដី តាមការចង្អុលបង្ហាញរបស់ប្រជា ពលរដ្ឋ រួចកំណត់យកលទ្ធផលនេះ ប្រជុំពិភាក្សាជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងអន្តរក្រសួងដើម្បីឯកភាពគ្នាជារួម ក្នុងការកំណត់ដីទំនប់អាងទឹក និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ រួចស្នើសុំចុះបញ្ជី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើទីតាំងដីខាងលើ ទុកជាដីទំនប់អាងទឹក និងដីអាស្រ័យប្រជាពលរដ្ឋ ។

ដើម្បីឱ្យការងារស្រង់ទិន្នន័យនេះប្រព្រឹត្តិទៅដោយរលូននិងមានប្រសិទ្ធិភាព តម្លាភាព លោកនាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបាន

ស្នើសុំឱ្យប្រជាពលរដ្ឋដែលមានដីស្រែ ដីអាស្រ័យផលជុំវិញទំនប់ ត្រូវសហការជាមួយក្រុមការងារ ដើម្បីពន្លឿនការដោះស្រាយបញ្ចប់ បន្តនីតិវិធីចុះបញ្ជីដីនិងចេញប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋគ្រប់រូប។តែក៏បានដាស់តឿនដល់បុគ្គលដែលមានការពាក់ព័ន្ធ ហើយធ្វើឱ្យខូចដល់ប្រយោជន៍ប្រជាពលរដ្ឋត្រូវប្រញ៉ាប់ដកខ្លួនចេញជាបន្ទាន់ផងដែរ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This