អាវុធហត្ថស្រុកបវេល ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ ពីបទ ជួញដូរសារធាតុញៀន

បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថស្រុកបវេល បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ស្រុកបវេលខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលម្នាក់ឈ្មោះ សេង សុខា ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ស្រុកបវេលខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះ រូ រី ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងឬស្សី ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន, គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក (ICE) ចំនួន ០៨កញ្ចប់ ទម្ងន់ ៣.៣២ក្រាម  (ថ្លឹងទាំងសំបក) ,ម៉ូតូ០១គ្រឿង ,លោហធាតុពណ៌លឿង (ចិញ្ចៀន) ចំនួន ០២វង់ ,លោហធាតុពណ៌លឿង (ក្រវិល) ចំនួន ០១គូរ ,ប្រាក់រៀល ចំនួន ២.៥០២.៥០០ រៀល (ពីរលានហាសិបម៉ឺនពីរពាន់ប្រាំរយរៀល) ,ប្រាក់ថៃ ចំនួន ១០០០បាត (មួយពាន់បាត)។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តបាត់ដំបង ដើម្បីបន្តតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This