ច្រកអន្តរជាតិដូង ពលករខ្មែររាប់ពាន់នាក់ សម្រុកចេញពីថៃមកកម្ពុជាវិញ បន្ទាប់ពមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅព្រំដែន

បាត់ដំបង ៖ ពលករខ្មែរជាច្រើនពាន់នាក់  នៅថ្ងៃទី២៥ ខែកក្កដា    ឆ្នាំ២០០២៥នេះ មានបានសម្រុកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ តាមច្រកអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបងបន្ទាប់ពីមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃទី២៤ខែកក្កដា២០២៥ដល់ថ្ងៃនេះ។

តាមលោកលោក ខុង យ៉ាតលួង ប្រធានស្នាក់ការច្រកអន្តរជាតិដូង បានឱ្យអ្នកព័ត៍មានដឹងថាពលករខ្មែរ  ត្រឡប់មកពីប្រទេសថៃ ចូលប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិ នាថ្ងៃទី២៥កក្កដានេះ មានការកើនឡើងពី១០ទៅ២០ដង បើបៀបធៀបកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥  ។ លោកបញ្ជាក់ថា មកទល់ម៉ោងជាង១០ព្រឹកនេះ ឃើញថា មានពលករខ្មែរប្រមាណ៣ទៅ៤ពាន់នាក់ បានឈរតម្រង់ជួរចូលតាមច្រកថ្មើរជើង ដោយមានមន្រ្តីច្រកនិងមន្រ្តីពាក់ព័ន្ធសម្របសម្រួលជាមួយភាគីថៃ ដើម្បីឱ្យពលករខ្មែរចូលមកប្រទេសវិញ បានទាំងអស់ ។

មន្រ្តីច្រកអោយដឹងទៀតថាច្រកអន្តរជាតិដូង បានបិទទ្វារទាំងស្រុង លើកលែងច្រកតូចបានបើក ឱ្យពលករខ្មែរវិលត្រឡប់ចូលប្រទេសវិញ។ មន្រ្តីច្រកអះអាងថា នឹងសម្របសម្រួលឱ្យពលករខ្មែរចូលមកប្រទេសវិញទាំងអស់ បើទោះមានចំនួនច្រើន និងកកស្ទះខ្លះក៏ដោយ។

រីឯប្រធានច្រកអន្តរជាតិភ្នំដី ស្រុកសំពៅលូនខេត្តបាត់ដំបងវិញ ក៏បានឱ្យដឹងថា ជាធម្មតាម៉ោង៨ព្រឹក ភាគីថៃបើកជាឯកតោភាគី ដោយឡែកថ្ងៃទី២៥ខែកក្កដា២០២៥នេះ ភាគីថៃបានបិទទ្វារទាំងស្រុងតែម្តង គឺបិទទាំងច្រកថ្មើរជើងផងដែរ។ លោកប្រធានច្រកបញ្ជាក់ថាច្រកអន្តរជាតិភ្នំដី មានសភាពស្ងប់ស្ងាត់មិនមានប្រជាពលរដ្ឋ និងពលករខ្មែរត្រឡប់មកប្រទេសវិញតាមច្រកនេះទេ ។ ទោះបីយ៉ាងណាមន្រ្តីច្រកនិងមន្រ្តីពាក់ព័ន្ធឈរជើងនៅមាត់ច្រកនេះជាប្រចាំ ដើម្បីត្រៀមអន្តរគមន៍នៅពេលមានពលករខ្មែរត្រឡប់មកពីប្រទេសថៃចូលប្រទេសវិញ។ បើតាមមន្រ្តីច្រកទ្វារឱ្យដឹងថា  ដោយឡែកច្រកតំបន់៣ទៀត  ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ច្រកទ្វារតំបន់ព្រំដែនអូររំដួល ច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ និងច្រកទ្វារតំបន់ព្រំដែន៤០០ ភាគីថៃបានបិទមិនដំណើរទាំងស្រុង នៅថ្ងៃ២៥ខែកក្កដាឆ្នាំ២០២៥នេះ ៕

CATEGORIES
Share This