អាជ្ញាធរខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃបរិច្ចាគឈាមដើម្បីមនុស្សធម៌
កំពង់ស្ពឺ ៖ ក្រោយមានការអំពាវពីលោកជំទាវ ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោTDA លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានដឹកនាំមន្ត្រីរាជការក្នុងស្ថាប័ន មន្ទីរចំណុះ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ ប្រមាណជាង៥០០អង្គនាក់ចូលរួមបរិច្ចាគឈាមមនុស្សធម៌លើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីទ្រទ្រង់ដល់សមរភូមិមុខ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា នេះជាលើកទីមួយហើយដែលឃើញមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនុសិស្សនិងព្រះសង្ឃយ៉ាងច្រើនបានមកផ្ដល់ឈាម ដើម្បីយកឈាម ទៅបម្រេីដល់សេចក្តីត្រូវការជាប្រចាំ ក្នុងការសង្គ្រោះជីវិតដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល និងដើម្បីត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋដែលរងគ្រោះដោយសង្គ្រាមឈ្លានពានទឹកដី នៅទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។សកម្មភាពនេះបានបង្ហាញពីមោទកភាពនៃស្មារតីជាតិនិយមជាធ្លុងមួយ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីបច្ចុប្បន្ន។
លោក ជាម ច័ន្ទសោភ័ណ បានបន្តទៀតថា វីរកងទ័ពជួរមុខរបស់យើងជាសរសរគ្រឹះការពារទឹកដីដ៏រឹងមាំ ដោយពួកគាត់បានលះបង់ កម្លាំងកាយចិត្តព្រមទាំងអាយុជីវិតដើម្បីការពារមាតុភូមិនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ដូច្នេះសម្រាប់យើងជាអ្នកនៅសមរភូមិក្រោយ សូមលើកទឹកចិត្តដល់កងទ័ពជួរមុខរបស់យើង។កងទ័ពជួរមុខរបស់យើង មិននៅឯកោនោះទេ គឺមានប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បាននិងកំពុងផ្ដល់នូវការលើកទឹកចិត្ត និងផ្ដល់ជាស្បៀងអាហារ មិនឱ្យខ្វះខាតឡើយ និងសូមជូនពរឱ្យកងទ័ពជួរមុខរបស់យើង ជួបតែសេចក្តីសុខ ជោគជ័យ យកឈ្នះលើសត្រូវឈ្លានពាន។
ជាមួយនោះអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងដោយបញ្ជាក់ថា ការបរិច្ចាគឈាមមនុស្សធម៌នាពេលនេះ គគឺក្នុងគោលបំណងសំខាន់ចំនួន២គឺទី១-បម្រេីដល់សេចក្តីត្រូវការជាប្រចាំក្នុងការសង្គ្រោះជីវិតដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ហេីយមានតម្រូវការឈាមជាបន្ទាន់និងទី២-ត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋ ក្នុងករណីដែលទទួលរងរបួស ឬគ្រោះថ្នាក់ដោយសារសង្គ្រាមឈ្លានពានទឹកដីនៅទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ឈរលេីគោលបំណងសំខាន់ ២២ខាងលេីការបរិច្ចាគឈាមមនុស្សធម៌ពេលនេះ គឺធ្វេីឡេីងដេីម្បីត្រៀមបង្ការផងនិងយោងលេីសេចក្តីត្រូវការផងសម្រាប់តម្រូវការឈាមជាទូទៅ និងចំពោះសភាពការណ៍វិវត្តជាក់ស្តែង ដដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិតចំពោះបងប្អូនវីរកងទ័ពជួរមុខនិងបងប្អូនប្រជាពលរដ្ឋនៃតំបន់ប្រឈមនឹងសង្គ្រាមឈ្លានពាន ហេីយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ ទាមទារឱ្យមានតម្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់គ្រូពេទ្យ ព្រោះថាឈាមជាជីវិត ៕










ដោយ ៖ ប៊ុត សារុន