មន្ត្រីជំនាញ ចុះយុទ្ធនាការរួមគ្នាដាក់ថ្នាំអាបេតនៅក្នុងមូលដ្ឋាន ដើម្បីបំបាត់ជម្រក និង ប្រភពមូសខ្លា ការពារជម្ងឺគ្រុនឈាម
បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សហកាជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមណ្ឌលសុខភាពទួលតាឯក បានចុះយុទ្ធនាការរួមគ្នាដាក់ថ្នាំអាបេតនៅក្នុងមូលដ្ឋានដើម្បីកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ស្របនឹងពាក្យស្លោក ” ខ្ញុំនិងគ្រួសារខ្ញុំជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និង លំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក”។
យើងដឹងហើយថា ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយ វីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹកដក់រងថ្លាគ្មានក្លិនដូចជា៖ ពាង , អាង , ធុងដាក់ទឹកប្រើប្រាស់ ,ទឹកថូផ្កា ,ចានទ្រជើងតុ ,ទូ ,ក្រឡ ,ពែង ពិសេសសំបកកង់ឡាន, ម៉ូតូ ,កំប៉ុង ,ចាន ,កែវ ជាដើម ដែលទុកឬបោះចោលពាសវាលពាសកាលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូសដូចនេះហើយទើបក្រសួងសុខាភិបាល និងមន្ទីរ បានក្រើនរំលឹកដល់ប្រជាជនគ្រប់រូបត្រូវបន្តប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួម ទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព ។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបដែលមានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី៣៩, ទៅ៤០អង្សារសេ ឬ មានសមាជិកគ្រួសារដែលមានរោគសញ្ញាដូចការរៀបរាប់ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសូមទំនាក់ទំនងមកលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ប្រសិនជាមានចម្ងល់បន្ថែម ឬចូលរួមរាយការណ៍។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ស្របនឹងពាក្យស្លោក ” ខ្ញុំនិងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក “ ហើយដើម្បីការពារ និង បញ្ចៀសបានពីបញ្ហាឈឺនិងស្លាប់ដោយសារជម្ងឺគ្រុនឈាមនេះ សូមបងប្អូនពុកម៉ែ និង ប្រជាពលរដ្ឋទាំងអស់ សំខាន់យុវវ័យគ្រប់រូប និងសិស្សានុសិស្ស ត្រូវរួមគ្នាបំបាត់ជម្រកមូស ដោយការធ្វើអនាម័យបរិស្ថានជុំវិញលំនៅដ្ឋាន សាលារៀន សំអាតអនាម័យផ្ទាល់ខ្លួនឲ្យបានជាប្រចាំ សម្រានតែក្នុងមុងសុវត្ថិភាព (មុងជ្រលុកថ្នាំ)និងត្រូវប្រយ័ត្នចំពោះកុមារតូចៗកុំឲ្យគាត់ងូតទឹកលេង និង ដើរលេងក្បែរគុម្ពោតព្រៃផ្តេសផ្តាសជាដើម ពិសេសប្រយ័ត្នពេលពួកគាត់គេងនៅពេលថ្ងៃ ត្រូវដាក់មុងឲ្យគាត់និងត្រូវប្រុងប្រយ័ត្នចំពោះការពិសារនិងបរិភោគចំណីអាហារ ដើម្បីចៀសវាងពីជម្ងឺរាករូស ចុកឆ្អល់ផ្សេងៗ មកយាយីដល់សុខភាពយើង ៕







ដោយ ៖ សាលី