អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព លោកអនុសេនីយ៍ឯក ពោ វៃ ដែលបានពលីក្នុងសង្រ្គាម
កំពង់ស្ពឺ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព លោកអនុសេនីយ៍ឯក ពោ វៃ ដែលបានពលីជីវិតក្នុងសង្រ្គាមឈ្លានពានពីសំណាក់ ប្រទេសថៃ ជាយោធិននៃកងពលតូចអន្តរាគមន៍លេខ ៨ កងទ័ពជើងគោកក្នុងពេលបំពេញពេលសកម្មនៅតាមបណ្ដោយបន្ទាត់ព្រំដែន។
ក្នុងឱកាសដ៏សោកសង្រេង និងក្ដុកក្ដួលបំផុតនេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានពាំនាំមកនូវការចូលរួមមរណៈទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់អាយុជីវិតរបស់ សព លោកអនុសេនីយ៍ឯក ពោ វៃ ក្នុងការការពារ បូរណភាពទឹកដី និងប្រជាជនកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត ក៏បានសំដែងនូវសារមានទុក្ខ និងចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពរបស់វីរ កងទ័ព ពោ វៃ ដែលបានពលីក្នុងសង្គ្រាមឈ្លានពានពី ប្រទេសថៃ ដែលការបាត់បង់នេះ គឺជាការបាត់បង់កុលបុត្រខ្មែរ មួយរូបដ៏អស្ចារ្យ និងបាត់បង់ធនធានការពារជាតិមួយរូបផង ដែរ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា វីរភាពដ៏អង់អាចក្លាហានក្នុង ការលះបង់ដ៏ធំធេងរបស់ លោកអនុសេនីយ៍ឯក ពោ វៃ បុព្វហេតុការពារទឹកដី និងប្រជាជននាពេលនេះ និងធ្វើឱ្យ ប្រជាជនខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាជនកម្ពុជានៅទូទាំងប្រទេស ចងចាំជានិច្ចមិនអាចបំភ្លេចបាន។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ឯក សូមបានសោយសុខក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕








ដោយ ៖ ប៊ុត សារុន