មន្ត្រីជំនាញចុះពិនិត្យ និងរៀបចំប្រព័ន្ធលូ ក្រោយមានការជន់លិច ដោយសារទឹកភ្លៀង

បាត់ដំបង ៖ មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង រួមជាមួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យនិងរៀបចំប្រព័ន្ធលូរំដោះទឹកនៅចំណុចភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ក្រោយមានការជន់លិចនៅពេលមានភ្លៀងធ្លាក់ម្តងៗ។

លោក ថូ សំរិទ្ធ ចៅសង្កាត់ព្រែកព្រះស្តេច បានបញ្ជាក់ថា ការចុះអនុវត្តកាយស្តាប្រព័ន្ធលូនៅពេលនេះ គោលបំណងគឺដើម្បីរំដោះទឹកចេញពីផ្សារ១៣មករា ហៅផ្សារថ្មីយើងនេះ ដោយមានការសហការពីអាជ្ញាធរ មន្ត្រីគម្រោងទឹកកក្វក់ មន្ត្រីរដ្ឋាករទឹកបាត់ដំបង និងមន្ទីរសាធារណការនិងដឹកជញ្ជូន ដែលមានលោកស្រី គឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង និងជាអ្នកទទួលបន្ទុកប្រព័ន្ធលូរំដោះទឹកកខ្វក់ផងដែរ។

បន្ថែមពីនេះ លោក ថូ សំរិទ្ធ ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់បើមានការប៉ះពាល់បន្តិចបន្តួចសូមអោយមានការអធ្យាស្រ័យនិងយោគយល់ផង ពីព្រោះការធ្វើនេះគឺដើម្បីជាប្រយោជន៍រួម និងប្រយោជន៍សាធារណៈទាំងអស់គ្នា ជាពិសេសគឺដើម្បីអនាម័យបរិស្ថានសាធារណៈ និងអនាម័យបរិស្ថានក្នុងផ្សារអោយមានបរិយាកាសល្អកុំអោយមានទឹកលិចបន្តទៀត។

ជាមួយគ្នានេះដែរ លោកស្រី គឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង និងជាអ្នកទទួលបន្ទុកប្រព័ន្ធលូរំដោះទឹកកខ្វក់ បានបញ្ជាក់ផងដែរថា ដោយសារកន្លងមកនេះក្នុងជំវិញផ្សារ១៣មករាហៅផ្សារថ្មី តែងតែមាន ការកកស្ទះប្រព័ន្ធលូទឹកកខ្វក់នៅពេល ដែលមានភ្លៀងធ្លាក់មកម្តងៗ ក៏ព្រោះតែ ប្រព័ន្ធលូចាស់ ថែមទាំងមានដីនិងសំរាម ធ្លាក់ចូលទៀតផង ដោយមើលឃើញនូវភាពលំបាករបស់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ក្នុងតំបន់ខាងលើយ៉ាងដូច្នេះ ទើបលោកស្រីបានដឹកនាំមន្ត្រីជំនាញចុះ ពិនិត្យ និងកាយរាវរកប្រព័ន្ធលូដែលជាចំណុចកកស្ទះ ដើម្បីរៀបចំថ្មីកុំអោយមានការជន់លិចទឹកបន្តទៀត ៕

ដោយ ៖ សាលី

CATEGORIES
Share This