សមត្ថកិច្ចថៃ បន្តចាប់ពលករខ្មែរ ៣៨នាក់ លួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់
បន្ទាយមានជ័យ ៖ តាមសារព័ត៌មានថៃនៅព្រឹកថ្ងៃទី៣០ ខែសីហា ២០២៥នេះ បានផ្សាយថាក្រុមការងារ ប៊ូរ៉ាផា (BFT)បានឃាត់ ពលរដ្ឋខ្មែរចំនួន៣៨នាក់ ពីបទ ចូលប្រទេសថៃដោយខុសច្បាប់កាលពីវេលាម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅចំណុក្បែរព្រំដែនថៃកម្ពុជា ក្នុងចម្ការអំពៅមួយកន្លែង ក្នុងភូមិបានណនឃីលិច ឃុំផាន់សឿក ស្រុកអារញ្ញ ខេត្តស្រះកែវ ចម្ងាយប្រហែលពីរគីឡូម៉ែត្រ ពីព្រំដែនថៃកម្ពុជាឈមនិងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ប្រតិបត្តិការឃាត់ខ្លួនពលករខ្មែរនេះ ធ្វើឡើងដោយក្រុមការងារប៊ូរ៉ាផា ក្រុមការងារអារញ្ញប្រាថេត អង្គភាពបញ្ជាការដ្ឋានកងអនុសេនាធំលេខ១២ និងកងវរសេនាតូចទ័ពសេះលេខ៣០ បានរួមគ្នាល្បាតនៅតំបន់ហានិភ័យខ្ពស់ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងចាប់បានជនជាតិខ្មែរចំនួន៣៨នាក់ ក្នុងនោះ ស្រី ១៧ នាក់ និងស្រ្តីម្នាក់នៅក្នុងបន្ទុក (កូនម្នាក់) ។ ដែលលួចចូលតាមច្រកព្រំដែនធម្មជាតិថៃកម្ពុជា។
ការស៊ើបអង្កេតបឋមបានបង្ហាញថា ពួកគេបានធ្វើដំណើរពីស្រុកកំណើតក្នុងប្រទេសកម្ពុជា ហើយបានចូលប្រទេសថៃដោយខុសច្បាប់ តាមបណ្តាញធម្មជាតិ ដើម្បីស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ។
សូមបញ្ជក់ថា ស្ទើជារៀងរាល់ថ្ងៃ ទាហានថៃល្បាតតាមព្រំដែនតែចាប់បានពលករខ្មែរនិងថៃ ដែលបានឆ្លងដែនទៅវិញទៅមកនៃប្រទេសទាំងពីរ តាមច្រករបៀងនានាក្នុងភូមិសាស្រ្តស្រុកម៉ាឡៃខាងកម្ពុជា ។
ចំពោះជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចថៃបញ្ជូនទៅកាន់ក្រុមហ៊ុន 1204th Ranger ដើម្បីសាកសួរបន្ថែម មុននឹងសម្របសម្រួលជាមួយមន្ត្រីអន្តោប្រវេសន៍ខេត្តស្រះកែវ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ និងនិរទេស ឬនិរទេសពួកគេត្រឡប់ទៅស្រុកកំណើតវិញ ៕





