សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សប្រឡងបាក់ឌុប ជាប់និទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥
បាត់ដំបង ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្ស និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ១៥៥នាក់ ទូទាំងខេត្តបាត់ដំបង ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
នាឳកាសនោះសម្តេចបានផ្តាំផ្ញើរ ដល់ក្មួយៗ ចៅៗ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវចងចាំថា លទ្ធផលប្រឡង គឺជាជោគជ័យមួយក្នុងការសិក្សារៀនសូត្រតែប៉ុណ្ណោះ ក្នុងការកសាងអនាគតនៃជីវិតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ ក្មួយៗ ចៅៗ ត្រូវបន្តព្យាយាមបន្តដណ្ដើមយកជោគជ័យនានាជាបន្ថែមទៀត ដែលចំពោះមុខនេះ គឺត្រូវពិចារណាឱ្យបានម៉ត់ចត់ក្នុងការជ្រើសរើសយកមុខវិជ្ជាណាដែលស្របតាមចំណង់ចំណូលចិត្ត និងទីផ្សារការងារក្នុងសង្គម ដើម្បីជាទុនដ៏សំខាន់ក្នុងការកសាងជីវភាពរស់នៅផ្ទាល់ខ្លួន គ្រួសារ និងការចូលរួមអភិវឌ្ឍប្រទេសជាតិ។
ទន្ទឹមនឹងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ក្មួយៗ ចៅៗ ក៏ត្រូវអភិវឌ្ឍជំនាញរបស់ខ្លួនដើម្បីពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ប្រកបដោយសីលធម៌ គុណធម៌ និងសុជីវធម៌ ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្សសម្រាប់ប្រទេសជាតិ សម្តេចសូមលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការគ្នាបន្តជួបសំណេះសំណាលជាមួយសិស្ស ដែលជាប់និទ្ទេសផ្សេងៗទៀតនៅតាម ក្រុង ស្រុក ដើម្បីជំរុញលើកទឹកចិត្តដល់ក្មួយៗ ចៅៗ ក្នុងការបន្តសិក្សារៀនសូត្រ និងកសាងខ្លួនជាពលរដ្ឋល្អក្នុងសង្គម។
ជាមួយគ្នានេះ សម្តេចសូមលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់បន្តខិតខំសម្របសម្រួលដោះស្រាយការងារ ជីវភាពរស់នៅ និងបញ្ហាប្រឈមនានារបស់បងប្អូនឱ្យបានទាន់ពេលវេលា៕











ដោយ ៖ សាលី


