ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិនរៀបចំវេទិកាសាធារណៈដើម្បីដោះស្រាយកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
ប៉ៃលិន ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន កាលពី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ បានបានរៀបចំវេទិកាសាធារណៈ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ីឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ដើម្បីដោះស្រាយកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន។
កិច្ចប្រជុំនេះក៍មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងប្រធានក្រុមការងារចុះមូលដ្ឋានក្រុង/ស្រុកទាំង២ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក ក្រុមការងារចុះមូលដ្ឋានខេត្ត និងប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, លោកមេបញ្ជាការកងកម្លាំងទាំង៣, គណៈអភិបាល ក្រុង/ស្រុក, មេឃុំចៅសង្កាត់ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅទូទាំងខេត្តជាច្រើនរូបទៀត ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើង អំពីលទ្ធផលការងារ សំខាន់ៗ ដែលរដ្ឋបាលខេត្ដ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សម្រេចបាននៅឆ្នាំ២០២៤ ជាពិសេសក្រោមការដឹកនាំរបស់ដ៏ត្រឹមត្រូវរបស់សម្តេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ចំណុច វិធានការគន្លឹះទាំង៥ និងផ្អែកលើផែនការអភិវឌ្ឍន៍ខេត្ត កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងអភិវឌ្ឍខេត្តប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមចំណែក និងគាំទ្រពីក្រសួង ស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដៃគូអភវឌ្ឍន៍ សប្បុរសជន ការចូលរួមពីមន្ទីរ-អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ និងប្រជាពលរដ្ឋក្នុងខេត្ត ដែលធ្វើឱ្យមានការអភិវឌ្ឍរីកចំរើន និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាបន្តបន្ទប់។
ឯកឧត្តម អ៊ី ឈាន ប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ការធ្វើវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតំរូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសម្ថតកិច្ច ដោះស្រាយ និងឆ្លើយតបរាល់តំរូវការ សំណូមពរ ដែលបានលើកឡើង ចំគោលដៅទាន់ពេលវេលា ក្នុងការកែលំអសហគមន៍របស់ពួកគាត់ ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរួមរបស់ ប្រជាពលរដ្ឋ លើការអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានក្រុមការងារ បានថ្លែងនូវការកោតសសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តទាំងអស់ និងអាជ្ញាធរខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ដែលបានខិតខំយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរនៅក្នុងមូលដ្ឋាន ក្រោមគោលនយោបាយយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ កម្មវិធីនយោបាយអទិភាពទាំង៦ និងវិធានការគន្លឹះ នៃកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងបានសហការជាមួយមូលដ្ឋាន សំដៅបំពេញការងារបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ព្រមទាំងខិតខំចូលរួមសហការដោះស្រាយ ឆ្លើយតប បញ្ហាប្រឈម សំណើរ សំណូមពរនានានៅមូលដ្ឋាន ជាពិសេសពាក់ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា៖ ការធ្វើវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នាឱកាសនោះ មានអ្នកចូលរួមសរុបចំនួន ១ ៣៣៧នាក់ ស្រី ៦២២នាក់ ហើយបានទទួលបានសំណើ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ចំនួន ៦៥ ករណី ក្នុងនោះសំណួរផ្ទាល់មាត់ចំនួន ២៣ ករណី និងសរសេរជាលិខិតចំនួន ៤២ ករណី ៕










