ឯកឧត្តម សុខ លូ ៖ សម្រាប់ឆ្នាំ២០២៦នេះ គម្រោងផ្លូវ ២១ខ្សែ នៅកណ្ដាលក្រុងបាត់ដំបង នឹងត្រូវធ្វើការកសាងឡើងវិញ

បាត់ដំបង ៖ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងកំណាត់ផ្លូវលេខ៤ ប្រវែង ៣៦៥ម៉ែត្រ ទទឹង ១២ម៉ែត្រ ស្ថិតក្នុងសង្កាត់អូចារ និងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ ២០២៦ គម្រោងផ្លូវ ១០,៧គីឡូម៉ែត្រ ស្មើ២១ខ្សែ នៅកណ្ដាលក្រុងបាត់ដំបង នឹងត្រូវធ្វើការកសាងឡើងវិញ ហើយក្នុងនោះក៏មានគម្រោងជួសជុលផ្សារណាត់ផងដែរ។

ឯកឧត្តមបានបញ្ជាក់ទៀតថា បន្ទាប់ពីធ្វើផ្លូវ ២១ ខ្សែនេះហើយ ក៏នៅមិនទាន់អស់ដែរ ព្រោះនៅក្រុងបាត់ដំបងនេះមានផ្លូវ ១៦៤ខ្សែ ដូច្នេះឯកឧត្តមនិងស្នើសុំទៅថ្នាក់ដឹកនាំជាបន្តបន្ទាប់ទៀត ដើម្បីដោះស្រាយការលំបាករបស់បងប្អូនយើង ហើយក្នុងនោះការធ្វើប្រព័ន្ធទឹកកខ្វក់ក៏មិនទាន់ជាប់ដែរ គឺនៅមានបន្តទៅទៀត កន្លែងដែលមិនទាន់ធ្វើដូចជាសង្កាត់ទួលតាឯក និងអូរចារ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ការកសាងផ្លូវ ២១ខ្សែ នៅឆ្នាំ២០២៦នេះរួចរាល់ ក្រុងបាត់ដំបងនិងកែប្រែមុខមាត់ថ្មី ហើយក្នុងនោះក៏ទាល់តែបងប្អូនទាំងអស់គ្នា ទាំងសង្កាត់ក្តី ទាំងក្រុងក្តី ទាំងអាជ្ញាធរភូមិនិងប្រជាពលរដ្ឋទាំងអស់រួមគ្នា បើយើងមិនរួមគ្នាទេ បានសមិទ្ធផលថ្មីហើយ ក៏មិនមានប្រយោជន៍សម្រាប់យើងដែរ ដូច្នេះយើងត្រូវចេះទុកដាក់សំរាមអោយបានត្រឹមត្រូវ ជាពិសេសសូមរំលឹកទៅដល់អភិបាលក្រុងនិងចៅសង្កាត់ទាំងអស់អំពីការរក្សាដីចំណីផ្លូវ ហើយសូមការយោគយល់ពីពុកម៉ែបងប្អូនទាំងអស់ សូមឱ្យមានការយោគយល់ ព្រោះគម្រោងក្រោយៗ ផ្លូវបេតុងអត់មាន៦ម៉ែត្រទៀតទេ គឺមានចាប់ពី៨ម៉ែត្រទៅ១០ម៉ែត្រ ព្រោះក្រុងយើង ជាក្រុងមួយដែលទាក់ទាញភ្ញៀវទេសចរ ដូច្នេះយើងត្រូវខិតខំធ្វើយ៉ាងម៉េចអោយក្រុងបាត់ដំបងយើងនេះក្លាយជាទីក្រុងស្អាត អោយក្លាយជាទីក្រុងបៃតង អោយក្លាយជាទីក្រុងដែលងាយស្រួលដើរ ៕

ដោយ ៖ សាលី

CATEGORIES
Share This