នគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លួនបានហើយជនសង្ស័យក្នុងករណី សម្លាប់ប្រពន្ធរបស់ខ្លួន នៅឃុំរំលេច

ពោធិ៍សាត់ ៖ ដោយអនុវត្តន៍តាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៨ព្រឹក កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន បានឃាត់ខ្លួនជនស្ស័យម្នាក់ ក្នុងករណី ឃាតកម្មគិតទុកជាមុន ធ្វើសកម្មភាពសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចស្រះទឹកទួលប្រណាំងសេះ ស្ថិតនៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ស សន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ដកហូតវត្ថុតាងរួមមាន ខ្សែកលោហៈធាតុពណ៌លឿងចំនួន ០៦ខ្សែ, ខ្សែដៃលោហៈធាតុពណ៌លឿងចំនួន ០៤ខ្សែ, បន្តោងខ្សែកលោហៈធាតុពណ៌លឿងចំនួន ០៨បណ្តោង, ជញ្ចៀនលោហៈធាតុពណ៌លឿងចំនួន ០៤វង់, ក្រវិលលោហៈធាតុពណ៌លឿងចំនួន ០៤គូរ, ទម្ងន់លោហៈធាតុពណ៌លឿងសរុបមានចំនួន ៣២៣.៥០ក្រាម (ថ្លឹងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន) ។ លុយដុល្លា ចំនួន១៨០០ដុល្លា, លុយខ្មែរ ចំនួន១,៤៦២,៦០០រៀល, ទូរសព្ទដៃចំនួន ០២គ្រឿង, កាបូបដៃចំនួន ០១, មានកាតធនាគារ ABAចំនួន ០១សន្លឹក, ប័ណ្ណបើកបរចំនួន ០២សន្លឹក, កាតគ្រីម៉ូតូចំនួន ០១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, កាតវ៉ាក់សាំងកូវីតចំនួន ០១សន្លឹក, និងម៉ូតូ ១គ្រឿង ធុនឌ្រីមសង់ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 1I-4125 (ដំឡើងតែមសេរីឆ្នាំ ២០២២) ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រគល់ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធី ៕

CATEGORIES
Share This