គយចល័តតំបន់៥ និងពេទ្រសត្វបន្ទាយមានជ័យបង្រ្កាបនិង ដុតកម្ទេចចោល ផលិតផលបង្កកដើមកំណើតពីជ្រូក ជាង១តោន
បន្ទាយមានជ័យ ៖ មន្រ្តីការិយាល័យផលិតកម្ម និង បសុព្យាបាលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ (គយចល័ត) មានមូលដ្ឋាននៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឃាត់ចាប់រថយន្តតាក់សុីពីរគ្រឿង ដឹកផលិតផលមានដើមកំណើតពីជ្រូកបង្កក ខូចគុណភាពខុសច្បាប់ចំនួន ២៣កេះ ធ្វើការដុតបំផ្លាញ់ចោល កាលពីរសៀល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានសារព័ត៌មានដឹងថា ផលិតផលសត្វជ្រូកបង្កក ដែលបង្រ្កាបបានខាងលើ គឺក្រោមការសហការយ៉ាងល្អ រវាងគយចល័តក្រសួងបន្ទាប់ពីមានការលួចនាំចូលដោយខុសច្បាប់ នូវផលិតផលដើមកំណើតពីជ្រូក ពីក្រៅប្រទេស តាមរថយន្តតាក់សុីពីគ្រឿង មានម៉ាកសុីណា និងលុចសុិស៣០០ គោលដៅពីក្រុងប៉ោយប៉ែត ទៅភ្នំពេញ ។
តាមការត្រួតពិនិត្យ ផលិតផលមានដើមកំណើតពីជ្រូកទាំងនោះ រួមមានគ្រឿងក្នុង និងបំណែកសាច់បង្កកខូចគុណភាព ខុសច្បាប់ចំនួន ២៣កេះ ស្មើនឹង ១.១៥០គីឡូក្រាម ។
លោកបានអោយដឹងទៀតថា តាមវិធានបសុពេទ្យផលិតផលទាំងអស់ ត្រូវបានធ្វើការដុតកម្ទេចចោលភ្លាមៗ នៅរសៀលថ្ងៃដដែល ៕








