សមត្ថកិច្ច ចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងបញ្ចៀសការកកស្ទះ នៅផ្សារកូនដំរី
ប៉ោយប៉ែត ៖ នគរបាលនៃអធិការក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានចុះរៀបចំសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយ ដើម្បីបញ្ជៀសការកកស្ទះនៅចំណុចផ្សារកូនដំរី ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមលោកវរសេនីយ៍ត្រី ស៊ិន ដូនី នាយផ្នែកនគរបាលសណ្តាប់ធ្នាប់សាធារណ: បានឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាពីលោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងមានការណែនាំពីលោកវរៈសេនីយ៍ទោ បោន ភក្រ្តា អធិការរង ទទួលផែនការងារសណ្តាប់ធ្នាប់ លោកក៏បានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរនៅអមសងខាង លើស្ពានផ្សារកូនដំរី ស្ថិតនៅចំណុចខាងលើ ឱ្យបញ្ឈប់ការលក់ដូរ ដោយប្ដូរទីតាំងកន្លែងមានសុវត្ថិភាព ដើម្បីឱ្យមានរបៀបរៀបរយ បញ្ចៀសការកកស្ទះ ពិសេសបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
តាមសមត្ថកិច្ចចំណុចដែលចុះរៀបចំខាងលើ ជាផ្លូវជាតិមួយខ្សែ ដែលចរាចរណ៍យ៉ាងសកម្មទាំងរថយន្តធុនតូចនិងធុនធំ ដោយចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៥ ឆ្ពោះទៅស្រុកម៉ាឡៃ ស្រុសំពៅលូនខេត្តបាត់ដំបង បានក្លាយជាផ្សារដែលមានបងប្អូនប្រជាពលរដ្ឋបានដាក់តាំងលក់ដូរគ្រឿងឧបភោគបរិភោគ និងទំនិញគ្រប់មុខគ្រប់មុខទ្រីសាច់តាមកញ្ចែងល្អីនៅអមសងខាងផ្លូវចាប់ពីផ្លូវជាតិលេខ៥ រហូតដល់ស្ពានថ្មហួសពីផ្លូវរថភ្លើងបន្តិចបង្កឲ្យមានការកកស្ទះសឹងរាល់ថ្ងៃ។ ដោយព្រួយបារម្ភខ្លាចមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ទើបកម្លាំងនគរបាលក្រុង បានចុះធ្វើការណែនាំ ថែមទាំងជួយលើកសម្ភារៈនិងទំនិញលក់ដូរផ្សេងៗរបស់ប្រជាពលរដ្ឋទៅដាក់កន្លែងមានសុវត្ថិភាព និងមិនអនុញ្ញាតឲ្យបន្តលក់ទៀតឡើយ៕













