ឯកឧត្ដម អ៊ុំ រាត្រី ៖ សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ក្នុងចិត្តប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា 

បន្ទាយមានជ័យ ៖ ថ្លែងក្នុងទិវាជាតិ នៃការចងចាំ ២០ ឧសភា ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលេីកឡេីងថា សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា បានបង្កើតឡើងនូវជីវិតថ្មី និងក្តីសង្ឃឹមពិតប្រាកដ សម្រាប់ប្រជាជនរាប់លាននាក់ ដែលហៀបនឹងស្លាប់ ហើយស្រែកដង្ហោយហៅរកយុត្តិធម៌ និងសិទ្ធិសេរីភាព ក្នុងការរស់នៅជាមនុស្ស ដែលត្រូវបានរបបប្រល័យពូជសាសន៍ ជីកកប់យ៉ាងជ្រៅនៅក្រោមទង់ នៃអំណាចផ្តាច់ការអមនុស្សធម៌ ។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ស្នាមញញឹម នៃមហាគ្រួសារខ្មែរ បានប្រាកដឡើងវិញក្នុងជីវភាពរស់នៅជាថ្មីរបស់ខ្លួន។ ក្នុងរយៈពេល ជាង៤៥ឆ្នាំបានកន្លងផុតទៅ រាល់ស្លាកស្នាមរបួសខាងរូបកាយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ប៉ុន្តែស្លាកស្នាមរបួសខាងផ្លូវចិត្តនៅឆ្លាក់ជាប់ កប់ជ្រៅ ក្នុងក្រអៅបេះដូងជនកម្ពុជាគ្រប់រូប ដោយពុំមានឱសថណាអាចព្យាបាលបានឡើយ។

ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ជាង៤ទសវត្សកន្លងមកនេះ ប្រទេសកម្ពុជាបានឆ្លងកាត់នូវដំណាក់កាលធំៗនានា ជាបន្តបន្ទាប់ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញនូវវីរៈភាពដ៏ត្រចះត្រចង់របស់ពលរដ្ឋកម្ពុជា នៅក្នុងពលីកម្ម ដ៏ធំធេងដើម្បីការពារ និងស្ថាបនាប្រទេសជាតិយើង កសាងជីវភាពរស់នៅរបស់ខ្លួនឱ្យរីកចម្រើន ហើយបានផ្តល់នូវបទពិសោធន៍នានា ដ៏មានតម្លៃសម្រាប់ជំហានឆ្ពោះទៅមុខទៀត។ សមិទ្ធិផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ បានផ្តល់ផ្លែផ្កាធំធេងណាស់សម្រាប់កម្ពុជា គឺបានទទួលស្គាល់នូវសិទ្ធិ និងអធិបតេយ្យភាពពេញលេញរបស់កម្ពុជា។ បងប្អូនប្រជាពលរដ្ឋបានបញ្ចេញកម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិដោយមានការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់សហគមន៍អន្តរជាតិ។ ទោះបីលើមាគ៌ាឆ្ពោះទៅរកអនាគតប្រកបដោយក្តីសង្ឃឹម យើងបានជួបនឹងការលំបាកស្មុគស្មាញជាច្រើនក្ដី ក៏យើងអាចពុះពារជំនះដោះស្រាយបានដោយផ្អែកលើមូលដ្ឋាននៃស្មារតីស្រឡាញ់សន្តិភាព និងការបង្រួបបង្រួមជាតិក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះវររាជបិតាព្រះ នរោត្ដម សីហនុ  ព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រមទាំងសម្ដេចព្រះវររាជមាតា នរោត្តម មុនីនាថសីហនុ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ។ ប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភានិងបច្ចុប្បន្ន កំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយឋាមពលស្វាហាប់ឈ្លាសវៃស៊ីជម្រៅ និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាពិសេស ខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ៕

CATEGORIES
Share This