ថៃរិតបន្តឹង ហាមឃាត់ពលរដ្ឋរបស់ខ្លួនមិនឲ្យចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោតប៉ែត
បន្ទាយមានជ័យ ៖ ក្រោយមានការបិតមិនឲ្យមានបន្លែផ្លែឈើរបស់ថៃចូលមកកម្ពុជា ពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ អាជ្ញាធរ និងទាហ៊ានឈុតខ្មៅថៃ ប្រចាំច្រកអន្តរជាតិខ្លងឡឹក ប្រទេសថៃ បានរឹតបន្តឹង ហាមឃាត់ មិនឲ្យពលរដ្ឋខ្លួនចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនោះទេ ។
យោងតាមនគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃបានបើកទ្វារព្រំដែន និងបានអនុញ្ញាតឲ្យពលរដ្ឋថៃចូលដូចធម្មតា តែក្រោយមកនៅម៉ោងប្រមាណជា៩ ភាគីថៃបានបិតខ្ទប់រឹតបន្តឹង មិនឲ្យពលរដ្ឋថៃចូលមកកម្ពុជានោះទេ ដោយមានការរឹតបន្តឹង ត្រួតពិនិត្យអនុញ្ញាតឲ្យតែពលរដ្ឋណាដែលមានមុខរបរ ឬធ្វើការជាក់លាក់នៅក្នុងទឹកដីកម្ពុជា ទើបអនុញ្ញាតឲ្យចូលមកកម្ពុជាបាន ។
ការហាមឃាត់ជនជាតិថៃនេះ គឺខាងយោធាថៃបានត្រួតពិនិត្យព្រំដែននៅច្រកទាំងឡាយណា ដែលឈមនិងខេត្តស្រះកែវ ប្រទែសថៃ និងបានហាមជនជាតិថៃយ៉ាងតឹងរឹងលើបុគ្គលិកបើកល្បីស៊ីសង កាស៊ីណូ ឬកន្លែងកំសាន្តនៅក្នុងក្រុងប៉ោយប៉ែត មិនឲ្យធ្វើដំណើរចេញពីប្រទេសថៃ តាមច្រកទ្វារព្រំដែននៃខេត្តស្រះកែវឡើង។
ដោយឡែកចំពោះការហាមឃាត់នេះផងដែរ គឺពលរដ្ឋថៃ ដែលចេញពីកម្ពុជា មិនត្រូវបានកម្ពុជាហាមឃាត់នោះទេ ហើយខាងថៃក៏មិនបានហាមឃាត់មិនឲ្យចូលប្រទេសដែរ គឺបើកឲ្យចូលធម្មតា។ ចំពោះភ្ញៀវដែលជាអាជីវករខ្មែរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដទៃទៀត គឺ ខាងភាគីថៃ មិនបានហាមឃាត់នោះដែរ ។









ដោយ ៖ លី គឹមហាក់