រកឃើញមានសារធាតុគីមីហាមឃាត់ Formalin​ ក្នុងគ្រឿងសមុទ្រ​ និង​សារធាតុគីមីហាមឃាត់​ Borax​ ក្នុងពពុះសណ្តែក​ លក់លើទីផ្សារក្នុងក្រុងបាត់ដំបង

បាត់ដំបង ៖ កាលពីថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៥​ មន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប.ខេត្តបាត់ដំបង  បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ សហការជាមួយគណៈគ្រប់គ្រងផ្សារ បានចុះត្រួតពិនិត្យធ្វើតេស្តបឋមលើ​គ្រឿងសមុទ្រ​ នំបញ្ចុក​ ពពុះសណ្តែក​ គុយទាវសរសៃធំ​ គុយទាវសរសៃតូច​ និងប្រហិតបៀក​ ចំនួន០៦​តូប​នៅក្នុងផ្សារថ្មី​ ស្ថិតក្នុងភូមិ១៣​មករា​ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ជាមួយយុទ្ធនាការខាងលើនេះដែរ មន្ត្រីជំនាញបានដកយកគំរូចំនួន១០គំរូ​ ដែលក្នុងនោះមាន (Formalin ចំនួន៥គំរូ​ និង​Borax ចំនួន៥គំរូ) ដើម្បីពិនិត្យធ្វើតេស្តបឋម ហើយជាលទ្ធផល រកឃើញមានសារធាតុគីមីហាមឃាត់ Formalin​ ក្នុងគ្រឿងសមុទ្រ​ និង​ មានសារធាតុគីមីហាមឃាត់​ Borax​ ក្នុងពពុះសណ្តែក​ ដូចជា ,ដៃមឹក​ធំ​ ចំនួន ៤.៤០គីឡូក្រាម .មឹករំដួល​ ចំនួន​៣.២០គីឡូក្រាម ,ពពុះសណ្តែក​០.៥០គីឡូក្រាម សរុបចំនួន:៨.១០គីឡូក្រាម ។

ក្រោយធ្វើតេស្តរកឃើញមានសារធាតុគីមីហាមឃាត់ Formalin​ និង​ សារធាតុគីមីហាមឃាត់​ Borax​ មុខម្ហូបខាងលើ មន្រ្តីជំនាញបានដកហូតយកមកកំទេចចោលនៅសាខា​ ក.ប.ប.​ តាមនីតិវិធី និងបានធ្វើកិច្ចសន្យាដល់អាជីវករ ដើម្បីបញ្ឈប់ការលក់គ្រឿងសមុទ្រដែលមានសារធាតុគីមីហាមឃាត់ តទៅទៀតផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This