អភិបាលខេត្តប៉ៃលិន នឹងចេញថ្លៃឡានជូនពលករខ្មែរ ដែលគ្មានលទ្ធភាពជួលឡានជិះត្រឡប់មកស្រុកវិញ
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក ជូនដំណឹងទៅដល់ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលនៅធ្វើការប្រទេសថៃ គ្មានថវិកាសម្រាប់ធ្វើដំណើរត្រឡប់មកប្រទេសវិញ សូមឱ្យប្រមូលផ្ដុំគ្នា ដើម្បីជួលឡានគេជិះមក លោកជំទាវនឹងចេញលុយថ្លៃឡានជូន និងរង់ចាំទទួលពួកគាត់នៅនឹងមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រុំ ។
ការអំពាវនាវនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈ account facebook ផ្លូវការរបស់លោកជំទាវ ខណៈពេលដែលស្ថានភាពព្រំដែនកម្ពុជាថៃ មានការផ្ទុះអាវុធ ហើយឃើញថា មានបងប្អូនពលករខ្មែរ កំពុងតែសម្រុកចេញពីប្រទេសថៃមកកម្ពុជាយ៉ាងច្រើន ដែលបានរងការគំរាមធ្វើបាប និងការមើលងាយគ្រប់បែបយ៉ាង នៅក្នុងទឹកដីថៃ គឺ លោកជំទាវសូមឱ្យពលករខ្មែរទាំងអស់ វិលត្រឡប់មកកម្ពុជាវិញ ចៀសវាងកើតហេតុការណ៍អ្វីមួយ ដែលធ្វើឲ្យប៉ះពាល់ដល់បងប្អូនពលករខ្មែរ ។
លោកជំទាវ បាន ស្រីមុំ ក៏បាន បង្ហោះប្រាប់ទៅដល់បងប្អូនពលករខ្មែរដែលទាក់ទងមក បើទាក់ទង មិនបាន សូមព្យាយាមទំនាក់ទំនង តាមរយៈលេខទូរសព្ទពីលេខមួយទៅលេខមួយ ដោយសារតែមានការទំនាក់ទំនងច្រើន ធ្វើឱ្យមានការរវល់ ដូចនេះសូមបងប្អូនពលករខ្មែរ ក៏ដូចជាអាជីវករខ្មែរ ដែលនៅខាងថៃ គ្មានលទ្ធភាពសូមព្យាយាមទំនាក់ទំនងមកលោកជំទាវ ។
លោកជំទាវ ក៏បានអំពាវនាវទៅដល់បងប្អូន ប្រជាពលរដ្ឋថៃថា “ នាងខ្ញុំប្រធានគណបញ្ចាការឯកភាពខេត្តប៉ៃលិនសូមជំរាបជូនបងប្អូនប្រជាពលរដ្ឋថៃសូមបងប្អូនរស់នៅធ្វើការនៅគ្រប់កន្លែងដោយស្ងប់ស្ងៀមដោយសន្តិភាព ក្រុមការងារនៅធានាមើលថែ សុវត្តិភាព ជូនប្រជាជនល្អស្លូតត្រង់ ដូចប្រជាជនកម្ពុជា កុំភ័យកុំព្រួយ បារម្ភ ប្រជាជនកម្ពុជានិង ថ្នាក់ដឹកនាំកម្ពុជា មានឧត្តមគិត្តិ ស្រលាញ់ប្រជាជន គ្មានហេតុផលធ្វើបាបប្រជាជនស៊ីវិលស្លូតត្រង់នោះទេកុំជឿតាមពត៍មានភូតកុហកញុះញង់ ក្នុងន័យកេងចំណេញនយោបាយ ចោទប្រកាន់មកលើប្រទេសកម្ពុជានោះទេ បងប្អូនជាជនស៊ីវិលមនុស្សល្អស្លូតត្រង់ នៅជាមិត្តល្អជាបងប្អូនកម្ពុជាដដែល ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបដល់បងប្អូនពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ដោយស្ថានកាមិនល្អបច្ចប្បន្នបើមិនមានការចាំបាច់ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន យើងបានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជួយបងប្អូនពលករ «ទោះបីមានឯកសារ ឬគ្មានឯកសារ» និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើត ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ ។
ចំពោះករណីបងប្អូនពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាផ្សេងៗ ឬ មិនទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 នោះក្រុមការងារនឹងរង់ចាំជួយសម្របសម្រួលជួយដោយឆន្ទះខ្មែរតែមួយ ។




