មនុស្ស០៣នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូអូសរទះ
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស០៣នាក់ក្នុងនោះក្មេងម្នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូនិងម៉ូតូអូសរទះនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
ប្រភពពីពលរដ្ឋបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូសណ្តោងរទេះ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1D-8159 បើកបរដោយបុរសម្នាក់និងក្មេងម្នាក់ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1AL-8820 បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នាបានជ្រុលមកបុកពេញទំហឹងបណ្តាលអោយរបួសធ្ងន់ស្រាលទាំងបីនាក់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកជញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕




ដោយ ៖ សាលី