សមត្ថកិច្ចបង្ក្រាប សាច់ជ្រូក៦០០គីឡូក្រាម ខណៈដែលឈ្មួញដឹកជញ្ជូនមិនមានប្រភពច្បាស់លាស់ និងគ្មានលិខិតអនុញ្ញាត

បាត់ដំបង ៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងសហការជាមួយកម្លាំងការិយាល័យផលិតកម្មនិងបសុព្យាបាល និងសាខា (ក.ប.ប) ខេត្តបាត់ដំបង ចុះបង្ក្រាបករណីដឹកជញ្ជូនសាច់ជ្រូកខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតនាំចូលគ្មានប្រភពច្បាស់លាស់ ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានឃាត់ឆែកឆេររថយន្តម៉ាកស៊ីណា ពណ៌ស ឆ្នាំ២០០៤មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៧៩១៨ និងបានរកឃើញសាច់ជ្រូកទំងន់ ៦០០គីឡូក្រាមខណៈដែលឈ្មួញដឹកជញ្ជូននាំចូលមិនមានប្រភពច្បាស់លាស់ និងគ្មានលិខិតអនុញ្ញាត។

ក្រោយធ្វើការសាកសួរ សមត្ថកិច្ចបានរាយការណ៍ជូនឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ហើយឯកឧត្តមបានអនុ ញ្ញាតឱ្យលោក ទុត វីនីត ព្រះរាជអាជ្ញារង ដឹកនាំធ្វើការដុតបំផ្លាញចោលសាច់ជ្រូកខូចគុណភាពខាងលើនៅទីលានចាក់សម្រាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This