មន្ត្រីជំនាញ រកឃើញមឹកស្រស់ ១៩,៩គីឡូក្រាម ពីផ្ទះលក់គ្រឿងសមុទ្រមួយនៅស្រុកសំឡូត ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ Formalin

បាត់ដំបង ៖ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីអធិការកិច្ចម្ហូបអាហារ នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តបាត់ដំបង បាននាំយករថយន្តមន្ទីរពិសោធន៍ខ្នាតតូច សហការជាមួយមន្ទីរពាណិជ្ជកម្ម នគរបាលបង្រ្កាបបទល្មើសសេដ្ធកិច្ចខេត្ត ចុះត្រួតពិនិត្យទំនិញឧបភោគ បរិភោគ បានចំនួនពីរ ផ្សារក្នុងស្រុកសំឡូត។

យុទ្ធនាការខាងលើនេះមន្ត្រីជំនាញបានអនុវត្តទៅលើផ្សាររ៉ែដែក និងផ្សារស្រុកសំឡូត ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ប៉ុន្តែរកមិនឃើញទំនិញដែលខូចគុណភាព ឬហួសសុពលភាពឡើយ ដោយឡែកផ្ទះលក់គ្រឿងសមុទ្រមួយ មន្រ្តីជំនាញបានពិនិត្យទៅលើគ្រឿងសមុទ្រចំនួន ៨សំណាកគំរូ រួមមាន ៖ មឹករំដួល ០១ គំរូ (វិជ្ជមាន), មឹកបំពង់ ០១គំរូ (វិជ្ជមាន), មឹកស្រួយ ០១គំរូ (វិជ្ជមាន), មឹកបក ០១គំរូ (វិជ្ជមាន), ដៃមឹកយក្ស ០១គំរូ (វិជ្ជមាន),  ត្រីសាម៉ុន ០១គំរូ (អវិជ្ជមាន), បង្គារស្រស់ ០២គំរូ (អវិជ្ជមាន) ។ សរុបទាំងអស់ ០៨សំណាកគំរូ ក្នុងនោះ(អវិជ្ជមាន ០៣គំរូ និង វិជ្ជមាន ០៥ គំរូ ) និងបានធ្វើការដកហូត ដៃមឹកយក្ស ,មឹករំដួល ,មឹកស្រួយ  ,មឹកបំពង់ និងមឹកបក ចំនួនសរុប ១៩.៩០គីឡូក្រាម ដែលមានសារធាតុគីមីហ្វ័រម៉ាលីន (Formalin) យកមកកម្ទេចចោលនៅសាខា ក.ប.ប ខេត្តបាត់ដំបង។

ជាមួយគ្នានេះដែរ មន្រ្តីជំនាញក៏បានធ្វើការដកយកគំរូ ផ្លែទុរេន ពីអាជីករលក់ដូរស្ថិតក្នុងស្រុកសំឡូត ពីរគំរូ ផ្ញើទៅអគ្គនាយកដ្ធាន ដើម្បីធ្វើការពិសោធន៍ផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This