ពលរដ្ឋប្រទះឃេីញសាកសព​បុរសម្នាក់​ ត្រូវរថយន្ត​ ទំនើបម៉ាក Lexus ស្លាកលេខ​ កម្ពុជា​យកមកប្លុងចោល

បន្ទាយមានជ័យ ៖ ពលរដ្ឋបានប្រទះឃើញ និងរាយការជូនសមត្ថកិច្ច ករណីប្រទះឃេីញ សាកសព​បុរសម្នាក់​ មិនស្គាល់អត្តសញ្ញាណ​ ​ ត្រូវបានគេដឹកតាមរថយន្ត​ ទំនើបម៉ាក Lexus ពាក់ស្លាកលេខ​ កម្ពុជា​ ST-1001 យកមកប្លុងចោល​ ត្រង់ចំណុចភូមិបឹងស្នោរ​ ឃុំស្លក្រាម​ ស្រុកស្វាយចេក​ ខេត្តបន្ទាយមាមជ័យ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចព្រំដែន បានអោយដឹងថា កាលពីវេលាម៉ោង១៣ និង១០នាទី រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋបានជូនដំណឹងពីករណី ប្រទះឃេីញសាកសព​បុរសម្នាក់​ មិនស្គាល់អត្តសញ្ញាណ​ ​ត្រូវបានគេដឹកតាមរថយន្ត​ ម៉ាក Lexus ពាក់ស្លាកលេខ​ កម្ពុជា​ ST-1001 និងរថយន្តមួយទៀត ម៉ាកដូចគ្នា ពាក់ស្លាកលេខភ្នំពេញ 2CA-6968 យកទៅប្លុងចោល​ ត្រង់ចំណុចភូមិបឹងស្នោរ​ ឃុំស្លក្រាម​ ស្រុកស្វាយចេក​ ខេត្តបន្ទាយមាមជ័យ ។

ភ្លាមៗនោះ​ យោធា៥០៣​ ដឹកនាំកម្លាំងកង៥០៣ ចំនួន០២នាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក​ ចំនួន១៥នាក់​ កម្លាំងប្រជាការពារភូមិបឹងស្នោរ ចំនួន៥នាក់​ បានចុះដល់ទីតាំងកេីតហេតុ​ ធ្វើការកាយដីយកសាកសព ជាសាកសពបុរសសង្ស័យជាជនជាតិបរទេស និងធ្វេីកោសល្យវិច្ច័យសាកសព​ជាបុរស តែមិនបានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡេីយទេ ។

តាមប្រភពពីកន្លែងកើតហេតុ បានដាក់ការសង្ស័យថា ជាករណីឃាតកម្មជាជនជាតិចិន ព្រោះរថយន្តដែលគេថតបាន ជារថយន្តទំនើបដែលនៅឃុំអូរបីជាន់ សំបូរទៅដោយជនជាតិចិនជិះ ចេញចូលក្នុងតំបន់អភិវឌ្ឍន៍មួយកន្លែង ដែលទីនោះពពេញដោយជនបរទេស និងជាទីតាំងអនឡាញផង ហើយតែងមានករណីចាប់បង្ខាំង និងឃាតកម្មកើតឡើងលើជនបរទេសគ្នាឯង។

ក្រោយប្រទះឃើញសាកសពខាងលើ សមត្ថកិច្ចបានបន្តនីតិវិធី ឈានដល់ការរកឃើញរថយន្តសង្ស័យទាំងពីរគ្រឿង នៅក្នុងតំបន់អភិវឌ្ឍន៍ (ភូមិចិន) និងឃាត់ខ្លួនជនបរទេសសង្ស័យពាក់ព័ន្ធ បីនាក់ មានជនជាតិចិនម្នាក់ និងមីយ៉ាន់ម៉ា២នាក់ បញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។

ជុំវិញករណីនេះ អ្នកយកព័ត៌មានយើង មិនទាន់សុំការបកស្រាយលំអិត ពីសមត្ថកិច្ចនគរបាលបាននៅឡើយទេ ៕

CATEGORIES
Share This