ឯកឧត្ដម អ៊ុំ រាត្រី និងលោកជំទាវ អញ្ជើញជាអធិបតី អបអរសាទរទិវាអន្តរជាតិ ស្តីពីគ្រួសារ ខួបលើកទី៣១ ក្រោមប្រធានបទ “គ្រួសារ និងបច្ចេកវិទ្យាថ្មី”
បន្ទាយមានជ័យ ៖ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានប្រារព្ធទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ២០២៥ ខួបលើកទី៣១ ក្រោមប្រធានបទ “គ្រួសារ និងបច្ចេកវិទ្យាថ្មី” ប្រព្រឹត្ត ទៅ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី ព្រមទាំងចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការដៃគូ ប្រជាពលរដ្ឋចូលរួមយ៉ាងច្រេីនកុះករ នៅនៅឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៥។
លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានបញ្ជាក់ថា ទិវាអន្តរជាតិស្តីគ្រួសារត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយកំណត់យកថ្ងៃទី ១៥ ឧសភា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវានេះ ដែលរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតួនាទី ដ៏សំខាន់របស់គ្រួសារ ក្នុងការចូលរួមចំណែកអភិវឌ្ឍគ្រួសារផ្ទាល់និងសង្គមជាតិ ។ ទិវានេះត្រូវបានលើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័នរដ្ឋ សាលារាជធានី ខេត្ត គ្រឹះស្ថានសិក្សា វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍ដើម្បីប្រារព្ធពិធីនេះទូទាំងប្រទេស ក្នុងទិសដៅជំរុញដល់សកម្មភាពពាក់ព័ន្ធនឹងគ្រួសារ ដែលជាផ្នែកមួយនៃកិច្ចអភិវឌ្ឍនៃប្រទេសជាតិ និងសម្រេចឲ្យបាននូវវិធីដោះស្រាយមួយពេញលេញ និងឯកភាពគ្នាចំពោះបញ្ហានានាដែលពាក់ព័ន្ធនឹងគ្រួសារ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិ ស្តីពីគ្រួសារ និងបានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តកសាងប្រព័ន្ធគាំពារសង្គមមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ ក្នុងនោះផ្តោតលើកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។
ឯកឧត្ដម ក៏បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលមានមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិករ កម្មវិធីនេះរួមមាន ៖ ១.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, ២.កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ, ៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, ៤.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជន ចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងមានរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងឧបត្ថម្ភសមាជិកគ្រួសារ អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ ទាំងនេះ ស្តែងឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ និងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈតួនាទី និងនិន្នាការនយោបាយ ដើម្បីរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាពជាតិ ៕













