ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធករណី រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចអគារស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការណ៍បង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បនូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឈ្មោះ រីស្គី អាវាំ (RISKI AWAM) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី និងបានដកហូតវត្ថុតាងជាគ្រឿងញៀន ប្រភេទម៉្សៅក្រាមពណ៌សថ្លា (ICE) ចំនួន០២កូនថង់កិប ទម្ងន់ ០,៥៤ក្រាម និងសម្ភារ:សម្រាប់ប្រើប្រាស់មួយចំនួន ។ 

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This