ទទួលប្រាក់តាម QR កូដ លើសចំនួន ម្ចាស់ប្រាក់សុំវិញមិនព្រមឲ្យ ក៏ប្ដឹងអាវុធហត្ថឲ្យចាប់ខ្លួន

បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការឃាត់ខ្លួន បន្ទាប់ពីទទួលប្រាក់តាម QR កូដ លើសចំនួន ហើយម្ចាស់ប្រាក់សុំវិញតែមិនព្រមឲ្យ ​បែរជាគេចខ្លួនយកប្រាក់ទៅចាយអស់ ក៏ត្រូវជនរងគ្រោះប្ដឹងអាវុធហត្ថចាប់ខ្លួន ពីបទ លួច (ប្រាក់តាមQRកូដធនាគារ) ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ រី រីណា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ យុន ស៊ីវមិញ (អាម៉ី) ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិតាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្តីពី ករណីលួច (ប្រាក់តាមQRកូដធនាគារ) កាលពីវេលាម៉ោង០១ និង៤០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយជនរងគ្រោះបានបាញ់ប្រាក់ថ្លៃឈ្នួលម៉ូតូឌុបតាមរយៈ QR កូដធនាគារវីង ដែលមានឈ្មោះ SIVMINH YUN ជាថ្លៃឈ្នួលម៉ូតូឌុប ចំនួន១០,០០០រៀល តែជនរងគ្រោះច្រឡំបាញ់ទៅ ចំនួន១,០០០ដុល្លារ ពេលដែលម្ចាស់គណនីឈ្មោះ SIVMINH YUN ទទួលបានប្រាក់ហើយ មិនព្រមប្រគល់ប្រាក់ឱ្យជនរងគ្រោះវិញ ហើយបានរត់គេចខ្លួន ។

ក្រោយពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ  បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ យុន ស៊ីវមិញ (អាម៉ី) ភេទស្រី អាយុ៣២ឆ្នាំ នៅចំណុចភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+) ។

ក្រោយសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទទួលលុយ ១០០០ដុល្លារ របស់ជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនបានគេចខ្លួនយកលុយនោះទៅសងគេ និងលែងល្បែងអត់ ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

ជនសង្ស័យ ក្រោយឃាត់ខ្លួន និងសាកសួរ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕

CATEGORIES
Share This