ដេញវាយ និងកាបជនរងគ្រោះ ដល់បន្ទប់ស្នាក់នៅ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួន ២នាក់
បន្ទាយមានជ័យ ៖ ជូនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោយធ្វើសកម្មភាពដេញវាយ នឹងកាប់ជនរងគ្រោះ ដល់បន្ទប់ស្នាក់នៅ បណ្តាយឲ្យរងរបួសធ្ងន់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ហុង ភាវីន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យ០១ក្រុម ស្ដីពី ករណី ហិង្សាដោយចេតនា កើតឡើងនៅចំណុចមុខបន្ទប់ជួល ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង០១ និង១០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានធ្វើសកម្មភាពយកយកកាំបិតកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង២២ និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ មាន ៖ ១.ឈ្មោះ យី ប្រុសពេជ្រ ភេទប្រុស អាយុ១៦ឆ្នាំ, ២.ឈ្មោះ កាន សុខគា ភេទប្រុស អាយុ២១ឆ្នាំ បញ្ជូនមកមូលដ្ឋានក្រុងប៉ោយប៉ែតដើម្បីសួរនាំ និងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញតាមនីតិវិធីបន្ត ។
លោកកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កសាងសំណុំរៀងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តទៅតាមនីតិវិធី៕






