អភិបាលខេត្តបន្ទាយមានជ័យ ៖ ឆ្មប មានមានកាតព្វកិច្ចសំខាន់ គឺ ការផ្ដល់សេវាថែទាំផ្នែកសម្ភពជូនស្ត្រីជាមាតា កុមារ និងទារក

បន្ទាយមានជ័យ ៖ គ្រូពេទ្យឆ្មប យុវជនស្ម័គ្រចិត្តកាកបាទក្រហម កាយរិទ្ធ និងស្រ្តីមានផ្ទៃពោះ បានចូលរួមអបអរសាទរ ទិវាឆ្មបជាតិ -អន្តរជាតិ “៥ ឧសភា ២០២៥” ក្រោមប្រធានបទ ” ឆ្មបបំពេញតួនាទី សំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានអាសន្នគ្រោះមហន្តរាយ”  ។

ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកជំទាវ, ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្ត ។

ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងអំពីកិច្ចការងារសំខាន់របស់ឆ្មប មានកាតព្វកិច្ចសខាន់ គឺ ការផ្ដល់សេវាថែទាំផ្នែកសម្ភពជូនស្ត្រីជាមាតា កុមារ និងទារក ជាសាធារណៈ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់សេវាថែទាំព្យាបាលជូនមាតា កុមារ និងទារក។

ជាមួយគ្នានោះឯកឧត្តម ក៏បានធ្វើការជំរុញលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ក៏ដូចជាគ្រូពេទ្យឆ្មប ត្រូវយកចិត្តទុកដាក់ទៅលើសេវាថែទាំសុខភាពជូនដល់មាតា និងទារក ក្នុងកំលុងពេលមិនទាន់សម្រាល និងសម្រាលកូនរួច ដោយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ឆ្មប។ និងបានណែនាំដល់ស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពតាមពេលវេលាកំណត់ ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ទៅពិនិត្យតាមដានសុខភាពក្រោយពេល សម្រាលទាំងមាតាទាំងទារក ព្រមទាំងបន្តតាមដានសុខភាព កុមារតូចតាមកាលកំណត់។

យោងតាមរបាយការណ៍ទិន្នន័យឆ្មប នៅក្នុងខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០២៥នេះ ឆ្មបនៅក្នុងខេត្តសរុបមានចំនួន៥០០នាក់, ចំនួនឆ្មបដែលបានចុះបញ្ជីការ ក្នុងប្រព័ន្ធ RMS ចំនួន៥១៣នាក់ និងឆ្មបដែលអាជ្ញាប័ណ្ណមានសុពលភាព ចំនួន៤១៦នាក់ ៕

CATEGORIES
Share This